(បាងកក)៖ ព្រះរាជវាំងថៃបានចេញសេចក្តីប្រកាស ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារបញ្ហាផ្នែកបេះដូង ប៉ុន្តែស្ថានភាពរបស់ព្រះនាងនាពេលនេះ គឺបាន​ឈានដល់កម្រិតនឹងនរមួយវិញហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ព្រះនាង បច្ចរ៉ាគិត្យាផា (Bajrakitiyabha) ដែលមានព្រះជន្ម៤៤ព្រះវស្សា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងខេត្តនគររាជសីមា ភាគឦសានប្រទេសថៃ កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីព្រះនាងបានដួលសន្លប់ ពេលកំពុងហ្វឹកហាត់សត្វសុនខរបស់ព្រះនាង នៅទីនោះ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍ប្រឡងប្រណាំងសមត្ថភាពសត្វសុនខមួយ ដែលរៀបចំឡើងដោយយោធាថៃ។

បន្ទាប់ពីស្ថានភាពឈានដល់កម្រិតនឹងនរប្រសើរមួយ ព្រះនាងម្ចាស់ក៏ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ បន្តមកកាន់រាជធានីបាងកក និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជូឡាឡុងកន (Chulalongkorn) ខណៈខាងព្រះរាជវាំងថៃ មិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតឡើយ។

គួរបញ្ជាក់ថា ព្រះនាង បច្ចរ៉ាគិត្យាផា ស្ថិតក្នុងចំណោមបុត្រ៣អង្គ របស់ព្រះបាទ វិជ្ជរ៉ាឡុងកន ដែលអាចឡើងគ្រងរាជបន្តបាន ដោយយោងតាមច្បាប់ស្នងរាជសម្បត្តិឆ្នាំ១៩២៤ ហើយនិងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ យ៉ាងណាមិញ ចាប់តាំងពីក្លាយជា​ ព្រះមហាក្សត្រកាលពីឆ្នាំ២០១៦មក ព្រះបាទ វិជ្ជរ៉ាឡុងកន មិនទាន់បានតែងតាំងរជ្ជទាយាទនៅឡើយទេ ហើយក៏មិនដែលធ្លាប់មាន​កិច្ចពិភាក្សាផ្លូវការ ជុំវិញលទ្ធភាពព្រះនាងត្រូវឡើងស្នងរាជ នាពេលអនាគតនោះដែរ។

ខណៈច្បាប់ស្នងរាជសម្បត្តិថៃកំណត់ថា រជ្ជទាយាទគួរតែជាបុត្រាក៏ដោយ ការធ្វើវិសោធនកម្មមួយចំពោះរដ្ឋធម្មនុញ្ញកាលពីឆ្នាំ១៩៧៤ អនុញ្ញាតឱ្យបុត្រីអាចឡើងគ្រងរាជបន្តបាន ប្រសិនបើមិនមានរជ្ជទាយាទ ដែលត្រូវបានតែងតាំងជាផ្លូវការទេនោះ។ ព្រះនាង បច្ចរ៉ាគិត្យាផា ធ្លាប់បំពេញការងារជាមួយអង្គការសហប្រជាជាតិ ព្រមទាំងកាន់តួនាទីជាអគ្គរាជទូតថៃប្រចាំនៅប្រទេសមួយចំនួន ដូចជាអូទ្រីស ស្លូវ៉ានី និងស្លូវ៉ាគី ជាដើម៕