(ប៉េកាំង)៖ ប្រទេសចិនបានថ្កោលទោសរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីមានរបាយការណ៍ថាសហរដ្ឋអាមេរិក គ្រោងនឹងដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់ និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិករបស់អាមេរិក ហើយចាត់ទុកទង្វើនេះថាជា «ការបង្ខិតបង្ខំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

នៅពេលត្រូវបានសួរពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣៦របស់ចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ការសម្រេចចិត្តបែបនេះ នឹងធ្វើឲ្យខូចទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរ។

លោក វ៉ាង បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា «សហរដ្ឋអាមេរិកបាននិងកំពុងពង្រីកគោលគំនិតសន្តិសុខជាតិ ដោយបំពានលើវិធានការត្រួតពិនិត្យការនាំចេញ ចូលរួមក្នុងការរើសអើង និងអយុត្តិធម៌ប្រឆាំងនឹងសហគ្រាសនៃប្រទេសដទៃ ហើយយកបញ្ហាសេដ្ឋកិច្ច និងវិទ្យាសាស្ត្របច្ចេកវិទ្យា ធ្វើនយោបាយនិងប្រើជាអាវុធ។ ហើយនេះគឺជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចក្នុងវិស័យបច្ចេកវិទ្យា»

គួរបញ្ជាក់ថា នេះជាការវិវត្តថ្មីមួយទៀត នៃគោលនយោបាយការបរទេសអាមេរិក ចំពោះប្រទេសចិន ក្រោយពេលដែលមេដឹកនាំសហរដ្ឋអាមេរិក និងចិន បានជួបមុខគ្នាដោយផ្ទាល់កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕