(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា រដ្ឋាភិបាលអាល្លឺម៉ង់ទទួលបានភ្លើងបៃតងហើយ ដើម្បីទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) ខណៈវាស្ថិតនៅក្នុងផ្នែកនៃគម្រោងទិញបរិក្ខារយោធា ដែលមានតម្លៃសរុប១៣ពាន់លានអឺរ៉ូ (១៣.៨៥ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាធិការទទួលបន្ទុកកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ បានអនុម័តការចំណាយខាងលើ ដែលក្នុងនោះរួមមានទាំងលុយ ១០ពាន់លានអឺរ៉ូ (១០.៦៥ពាន់លានដុល្លារ) សម្រាប់យកទៅទិញយន្តហោះចម្បាំង F-35 ហើយនិងលុយសម្រាប់ការទិញ ឧបករណ៍វិទ្យុទាក់ទងឌីជីថល ព្រមទាំងកាំភ្លើងវែងប្រភេទបាញ់រះ។

ទាំងនេះគឺជាគម្រោងដំបូងគេ ដែលបានប្រើប្រាស់ថវិកា នៃកញ្ចប់មូលនិធិពិសេសទំហំ ១០០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសនៅប៉ុន្មានថ្ងៃ ក្រោយការឈ្លានពានរបស់រុស្ស៉ីទៅលើ​អ៊ុយក្រែនកាលពីខែកុម្ភៈ។ កញ្ចប់មូលនិធិពិសេសនេះ មានគោលដៅចម្បងធ្វើទំនើបកម្មសព្វាវុធ និងបរិក្ខារយោធារបស់អាល្លឺម៉ង់ ឱ្យឡើងដល់កម្រិតស្តង់ដាជាថ្មីវិញ។

អាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង F-35 សរុបចំនួន៣៥គ្រឿង រួមជាមួយមីស៉ីល សព្វាវុធ និងឧបករណ៍ពាក់ព័ន្ធដទៃទៀត ហើយ​រំពឹងថា នឹងទទួលបានយន្តហោះ៨គ្រឿងដំបូង នៅឆ្នាំ២០២៦។ យន្តហោះចម្បាំងអាមេរិកជំនាន់ថ្មីនេះ នឹងត្រូវប្រើប្រាស់ជំនួយយន្តហោះចម្បាំង ថូណេដូ (Tornado) ដែលមានអាយុកាលចាស់ៗអស់ទៅហើយ៕

គួរបញ្ជាក់ថា ការសម្រេចចិត្តទិញយន្តហោះចម្បាំងអាមេរិក F-35 ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ប្រកាសឱ្យដឹងជាលើកដំបូង កាលពីខែមីនា ហើយវាក៏បានបង្កឱ្យបារាំងមានការមិនពេញចិត្តផងដែរ។ ទីក្រុងប៉ារីសព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះ អាចនឹងជះផលប៉ះពាល់​ដល់ ដំណើរការអភិវឌ្ឍយន្តហោះចម្បាំងរួមរវាងខ្លួននិងទីក្រុងបែរឡាំង ដែលត្រូវបានដាក់គោលដៅថា នឹងហើយជាស្ថាពរនៅខ្ទង់ទសវត្សរ៍ឆ្នាំ២០៤០៕