(វ៉ាស៉ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញវិធីមួយនៃការបង្កើតថាមពល ដែលនឹងមិនប្រើប្រាស់ឧស្ម័នធម្មជាតិ និងជាវិធីដែលរួមចំណែកការប្រើប្រាស់វិស័យថាមពល ដោយមិនមានការសាយភាយនូវជាតិពុលកាបោនដាយអុកសាយនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែពង្រីកនូវទ្រឹស្តីនៃការរកឃើញនោះ ដែលអាចជួយបង្កើតថាមពលមិនចេះរីងស្ងួត និងមិនប៉ះពាល់ដល់វិស័យបរិស្ថានថែមទៀត។ ដំណើរការនោះត្រូវបានគេដាក់ឈ្មោះថា «Nuclear Fusion»

ការរកឃើញវិធីបង្កើតថាមពលដែលថែមទាំងជួយដល់កត្តាបរិស្ថានថែមទៀតនេះ បានធ្វើឡើងទន្ទឹមនឹងការជួបប្រទះភាពលំបាករបស់ពលរដ្ឋក្នុងទ្វីបអឺរ៉ុប ដែលប្រឈមនឹងការខ្វះការផ្គត់ផ្គង់គ្រប់គ្រាន់នូវប្រេងឥន្ធនៈ ដោយសារតែការពឹងផ្អែកខ្លាំងតែទៅលើប្រទេសរុស្ស៊ី ដែលសម្បូរណ៍ដោយឧស្ម័នធម្មជាតិទាំងនេះ។ ការរកឃើញនេះទៀតបានទន្ទឹមនឹងការប្រើប្រាស់ ចំហេះឥន្ធនៈបង្កើនការសាយភាយកាន់តែខ្លាំងនូវផ្សែងពុល និងកម្តៅ ដែលគេបានបារម្ភជុំវិញការកើនកម្តៅនៃសីតុណ្ហភាពផែនដី ប៉ុន្តែការរកឃើញវិធីថ្មីនៃការបង្កើតថាមពលតាមរយៈទ្រឹស្តី «Nuclear Fusion» នឹងអាចក្លាយជាការបំបែកនូវភាពទ័លច្រកទាំងឡាយ។

អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានប្រកាសពីជោគជ័យឆ្ពោះទៅរកការបង្កើតថាមពលរលាយ ឬ Nuclear Fusion កាលពីថ្ងៃអង្គារ ទី១៣ ធ្នូ ឆ្នាំ២០២២ ដោយអ្នកវិទ្យាសាស្ត្របានយកគំរូពីអ្វីនៃថាមពលរបស់ពន្លឺ និងកម្តៅព្រះអាទិត្យចែងចាំងលើភពផែនដីមិនដែលចេះរីងស្ងួត នូវប្រភពកម្តៅនិងថាមពលទាំងនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា គេទាំងអស់គ្នាបានដឹងរួចមកហើយនូវអ្វីជាថាមពលអាតូម ដែលជាកម្ទេចនៃដុំតូចៗបង្កើតឡើងលើស្រទាប់ទាំងឡាយរបស់ផែនដីនេះ។ គ្រាប់អាតូមតូចៗទាំងនេះមានដំណើរការផ្សេងៗរបស់វា។ គ្រាប់តូចៗអាតូម បានរួមបូកបញ្ចូលគ្នា និងក្រោយមកបានបែកចេញពីគ្នា ដែលវាអាចស្រូបឬបញ្ចេញថាមពលកម្តៅបាន។ ការរកឃើញនូវដំណើរការនោះហើយ ត្រូវបានគេដាក់ឈ្មោះថា Nuclear Fusion ដែលក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រមាណជាង៥០ប្រទេស បាននិងកំពុងព្យាយាមបង្កើតវាសាជាថ្មីឡើងវិញ ចាប់តាំងពីទសវត្ស១៩៦០នោះមក។

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោកស្រី Jennifer Granholm បានថ្លែងថា «នេះគឺជាលើកដំបូងហើយដែលមិនធ្លាប់បានធ្វើឡើង ក្នុងមន្ទីរពិសោធន៍របស់សហរដ្ឋអាមេរិក និងតាមមន្ទីរពិសោធន៍នានាលើពិភពលោកនេះ។ លោកស្រីរដ្ឋមន្ត្រីថ្លែងថា បើនិយាយឱ្យស្រួលស្តាប់ វាគឺជាការរកឃើញរបស់វិទ្យាសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងសតវត្សទី២១នេះ»។ ការរកឃើញនេះគឺជាការបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកលទ្ធភាពដែលថ្ងៃណាមួយ ពិភពលោកនឹងអាចប្រើប្រាស់ដំណើរការដែលយកកម្ដៅព្រះអាទិត្យ បង្កើតជាថាមពលអគ្គិសនីគ្មានសារធាតុកាបូនិក ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនោះ។

*តើដំណើរការ Nuclear Fusion នោះនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?

អ្នកវិទ្យាសាស្ត្រ បាននិយាយថា គ្រាប់អាតូមតូចចំនួន២បានរលាយចូលគ្នាបង្កើតកម្តៅ និងបានបង្កើតទម្ងន់ធ្ងន់របស់វា ដែលដំណើរការនេះបានដើរផ្ទុយទាំងស្រុងពីបំណែកដាច់ពីគ្នារបស់ ថាមពលកម្តៅឬ Nuclear Fission។ ដំណើរការនោះដូចជាអ្វីដែលស្ថានីយ៍ថាមពលនុយក្លេអ៊ែរជាច្រើន បានដំណើរការក្នុងការបង្កើតថាមពលអគ្គិសនី បើទោះបីជាទ្រឹស្តីរបស់ «Nuclear Fusion» ហាក់ដូចជាគេគិតថាមានសភាពធម្មតាក៏ដោយ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ប៉ុន្តែការធ្វើឱ្យអាតូមពីរដែលមានលក្ខណៈដូចគ្នាបានរលាយចូលគ្នានោះ គឺជាការលំបាកយ៉ាងខ្លាំង ដោយសារតែអាតូមទាំង២ទទួលនូវការស្រូបថាមពលដូចគ្នា។ ដូចគេបានដឹងហើយថា ថាមពលស្រូបបានទទួលយកនូវអ្វីដែលមានចរន្តផ្ទុយ ខណៈថាមពលដែលមានកម្លាំងស្រូបដូចគ្នានោះ មិនអាចរលាយចូលគ្នាបានឡើយប៉ុន្តែវាបែរជាច្រានគ្នាចេញទៅវិញ។

អ្នកវិទ្យាសាស្ត្រនិយាយថា ដូច្នេះគេត្រូវការថាមពលជាច្រើនណាស់ ដើម្បីយកឈ្នះលើភាពផ្ទុយគ្នាទាំងនេះ។ ប៉ុន្តែនៅលើព្រះអាទិត្យនោះវិញ ដំណើរការថាមពលបានកើតឡើងជាធម្មតា ដែលអ្វីទាំងនោះគឺដោយសារតែថាមពលកម្តៅនោះខ្លាំងសម្បើម។ ភាពខ្លាំងសម្បើមនៃថាមពលកម្តៅនោះ គឺគេចង់សម្តៅថាទាល់តែសីតុណ្ហភាពកម្តៅកើនដល់១០០លានអង្សាសេ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ថាមពលកម្តៅលើព្រះអាទិត្យមានកម្តៅខ្លាំងច្រើនពាន់លានដង ជាងកម្តៅរបស់ភពផែនដី។ ប្រការនេះធ្វើឱ្យភពនៃចក្រវាឡរបស់ព្រះអាទិត្យរបស់យើងនេះ មានដំណើរការល្អសម្រាប់ការបញ្ចេញថាមពលកម្តៅតាមរបៀបទ្រឹស្តី Nuclear Fusion ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមបង្កើតសាជាថ្មីជាច្រើនដង ជុំវិញការរកឃើញលក្ខខណ្ឌទាំងនេះនៅលើភពផែនដីរបស់យើងនេះ ប៉ុន្តែការរកវិធីរក្សាឥទ្ធិពលគំនាបនិងសីតុណ្ហ ភាពកម្តៅមិនមែនជាការងាយស្រួលដូចការនិយាយនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមជ្ឈមណ្ឌលចំហេះជាតិអាមេរិក ទីបំផុតបានរកឃើញនូវជំហានបំបែកភាពទ័លច្រក ដែលអ្នកដទៃមិនអាចបំបែកបាននោះឡើយ។ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្របានប្រើប្រាស់ដោយជោគជ័យ ដោយយកកាំរស្មី Lazer ប្រែក្លាយដុំដ៏តូចអ៊ីដ្រូហ្សែនឱ្យទៅជាដុំ នៃថាមពលបាន។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប រាប់បញ្ចូលទាំងកាំរស្មីឡាស៊ែរធំបំផុតរបស់ពិភពលោកផងនោះ អ្នកវិទ្យាសាស្ត្របានផ្ដោតការយកចិត្តទុកដាក់កាំរស្មីពន្លឺលើលើគោលដី អាយសូថូប អ៊ីដ្រូហ្សែន Hydrogen Isotope ទំហំតូចជាងគ្រាប់សណ្ដែកដែលផលិតបានជាប្រតិកម្មរំលាយ ហើយបង្កើតបានភ្លាមៗនូវថាមពលខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រសិនបើលទ្ធផលបឋមនេះមានសុក្រឹតភាពមែននោះ ដូច្នេះវាជាវឌ្ឍនភាពមួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបានចំណាយពេលរាប់ទសវត្សរ៍មកហើយ ។ ទោះជាយ៉ាងណា ថាមពលនេះនៅពុំទាន់អាចទៅដល់កម្រិតមួយ ឈានទៅរកការផលិតសម្រាប់អាជីវកម្មនៅឡើយទេ៕