(ហ្សាការតា)៖ សភាឥណ្ឌូណេស៉ីនាថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតអនុម័តកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើបត្យាប័នជនល្មើស ជាមួយសិង្ហបុរី ឱ្យក្លាយទៅជាច្បាប់ពេញលេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ការដែលពុំមានសន្ធិសញ្ញាធ្វើបត្យាប័ន គឺជាបញ្ហាដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌូណេស៉ី ដ្បិតទីក្រុងហ្សាការតាធ្លាប់បានលើក​ឡើង អំពីផលលំបាកក្នុងការតាមចាប់ជនល្មើស ដែលជាប់ចោទពីបទលួចបន្លំប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ អំលុងវិបត្តិហិរញ្ញវត្ថុអាស៉ីឆ្នាំ១៩៩៧-១៩៩៨។

នៅក្រោមសន្ធិសញ្ញាខាងលើ ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ កាលពីខែមករា ឆ្នាំនេះ ជនទាំងឡាយ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋចំនួន៣១ប្រភេទ គឺនឹងអាចត្រូវធ្វើបត្យាប័នបាន ហើយវានឹងមានប្រសិទ្ធភាពចំពោះបទល្មើសដែល​ត្រូវបានប្រព្រឹត្តរហូតដល់កាលពីឆ្នាំ១៨ឆ្នាំមុន។ ម៉្យាងវិញទៀត វាមានន័យថា ជនល្មើសនឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ ដោយត្រឹមតែប្តូរសញ្ជាតិរបស់ខ្លួននោះឡើយ។

បន្ថែមពីនេះសន្ធិសញ្ញាធ្វើបត្យាប័ន ក៏នឹងជួយដល់កិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៉ី ក្នុងការទប់ស្កាត់ជនសង្ស័យជាឧក្រិដ្ឋជនពី ការរត់គេចខ្លួនចេញទៅក្រៅប្រទេស និងសម្រាប់ឱ្យពួកគេអាចត្រូវចាប់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៉ីផ្ទាល់ផងដែរ។ តាមពិត​ទៅ ទីក្រុងហ្សាការតាបានព្យាយាមជាយូរណាស់មកហើយ ដើម្បីអនុម័តទៅជាច្បាប់ពេញលេញ ចំពោះសន្ធិសញ្ញាទ្វេភាគីបែបនេះ​ជាមួយសិង្ហបុរី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៧ លោក ស៊ូស៉ីឡូ បាមបាង (Susilo Bambang) ដែលកាលនោះជាប្រធានាធិបតីឥណ្ឌូណេស៉ី ហើយនិងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ធ្លាប់បានអញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើ​សន្ធិសញ្ញាមួយស្តីពីការធ្វើបត្យាប័នជនល្មើស ប៉ុន្តែវាមិនត្រូវបានផ្តល់សច្ចាប័នដោយសភាឥណ្ឌូណេស៉ីឡើយ៕