(តៃប៉ិ)៖ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយផែនដីមួយមានកម្រិត៦.២រ៉ិចទ័រ បានកើតឡើងនៅក្បែរ ឆ្នេរភាគខាងកើតនៃដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានប្រកាសថា រញ្ជួយដីខាងលើបានកើតឡើង នៅជម្រៅដ៏រាក់មួយគឺ ៥.៧គីឡូម៉ែត្រក្រោមបាតសមុទ្រ ខណៈភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍ថា តើមានមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួស ឬមួយក៏ការខូចខាតបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយហេតុការណ៍រញ្ជួយផែនដី នៅឡើយទេ។ យ៉ាងណាក្តីបើតាមសាក្សី ការញ័ររញ្ជួយបានអង្រួនអគារមួយចំនួន នៅទីក្រុងតៃប៉ិថែមទៀតផង។

គួរបញ្ជាក់ថា តៃវ៉ាន់ស្ថិតនៅក្បែរចំណុចប្រសព្វគ្នា រវាងផ្លាកទិចតូនិចចំនួនពីរ នៃស្រទាប់ផែនដី ដែលជាហេតុនាំឱ្យដែនកោះនេះ ងាយនឹងរងគ្រោះរញ្ជួយដី។ កាលពីឆ្នាំ២០១៦ មនុស្សជាង១០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីមួយ នៅភាគខាងត្បូងកោះ​តៃវ៉ាន់ ខណៈហេតុការណ៍រញ្ជួយដីមួយផ្សេងទៀត ដែលមានកម្រិត៧.៣រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង ២,០០០នាក់ កាលពីឆ្នាំ១៩៩៩៕