(សេអ៊ូល)៖ កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមអង្គភាពកងកម្លាំងអវកាសថ្មីមួយ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលសម្ព័ន្ធមិត្តទាំងពីរបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

កងកម្លាំងអវកាសអាមេរិក-កូរ៉េខាងត្បូង គឺជាក្រុមទី២ នៅក្រៅប្រទេសនៃកងកម្លាំងអវកាសអាមេរិក ហើយមានភារកិច្ចត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានការបាញ់មីស៉ីល ក៏ដូចជាពង្រឹងសមត្ថភាពអវកាសរបស់យោធាទាំងមូល ដឹកនាំដោយ វេសេនីយ៍ទោ លោក ចូសហ៊ូ ម៉េកខូលឡុន (Joshua McCullion)។

ក្នុងពិធីមួយនៅឯមូលដ្ឋានទ័ពអាកាសអូសាន (Osan) ក្នុងទីក្រុងព្យុងតឹក (Pyeongtaek) របស់កូរ៉េខាងត្បូង មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ ផូល ឡាខាមេរ៉ា (Paul LaCamera) បាននិយាយថា អង្គភាពនេះនឹងពង្រឹងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការធានាសន្តិភាព និងសន្តិសុខ នៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន។

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីរារាំងប្រទេសកូរ៉េខាងជើង ដែលឆ្នាំនេះបានធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ដែលត្រូវបានគេព្យាករណ៍ថាអាចមានសមត្ថភាពបាញ់ទម្លុះទឹកដីសហរដ្ឋអាមេរិក៕