(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោកលោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោកសង្ឃឹមថាជំងឺកូវីដ១៩ នឹងមិនត្រូវបានចាត់ទុកថាជាគ្រោះអាសន្នផ្នែកសុខភាពសាធារណសកលទៀតទេ នៅឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក ហ្គេប្រេយ៉េស៊ូស ខាងលើនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ចំពេលដែលប្រទេសចិនបានផ្លាស់ប្តូរគោលនយោបាយ «សូន្យ កូវីដ» ដ៏តឹងរ៉ឹងរបស់ខ្លួន និងអនុញ្ញាតឲ្យមនុស្សរស់នៅជាមួយមេរោគ ធ្វើឲ្យមានការព្រួយបារម្ភថាពិភពលោកអាចប្រឈមនឹងការកើនឡើងនៃការឆ្លងកូវីដ១៩ សារជាថ្មី។

នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការសម្រាប់ការបញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈសកល អ្នកជំនាញផ្នែកជំងឺរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភព (WHO) លោកស្រី ម៉ារៀ វាន ខឺកខូវ (Maria Van Kerkhove) បាននិយាយថា «នៅមានការងារច្រើនទៀតដែលត្រូវធ្វើ»

នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ាយ រ៉ាយអាន (Mike Ryan) បានលើកឡើងស្រដៀងគ្នានេះថា «ប្រសិនប្រជាជនដ៏ច្រើនមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ ត្រឹមតែវិធានការត្រួតពិនិត្យមិនអាចបញ្ចប់ជំងឺនេះបានទេ»

គួរបញ្ជាក់ថា ស្ថាប័ន WHO បានរៀបចំប្រជុំគ្នារៀងរាល់ពីរទៅបីខែម្តង ដើម្បីសម្រេចថាតើមេរោគកូវីដ១៩ ដែលបានសម្លាប់មនុស្សជាង ៦.៦លាននាទូទាំងពិភពលោក នៅតែតំណាងឲ្យ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈសកល ដែរឬទេ៕