(ហាណូយ)៖ ក្រុមហ៊ុនផលិតអាវុធអាមេរិក និងក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម បានពិភាក្សាគ្នាស្ដីពីការផ្គត់ផ្គង់បរិក្ខារយោធាក្នុងនោះរួមមានឧទ្ធម្ភាគចក្រ និងយន្ដហោះដ្រូន ដែលនេះជាសញ្ញាមួយបង្ហាញថាទីក្រុងហាណូយ អាចនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសព្វាវុធរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពចំនួន២ ដែលបានដឹងពីកិច្ចពិភាក្សាខាងលើ។ ប្រភពដដែលនេះបានប្រាប់ Reuters ទៀតថាតំណាងមកពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin, Boeing, Raytheon, Textron និងក្រុមហ៊ុន IM Systems Group បានជួបពិភាក្សាជាមួយក្រុមមន្ត្រី ជាន់ខ្ពស់វៀតណាម កំលុងការរៀបចំពិព័រណ៍អាវុធធំបំផុតជាលើកដំបូងនៅក្នុងប្រទេសវៀតណាម កាលពីសប្ដាហ៍មុន។

នេះគឺជាកិច្ចចរចាបឋម ដែលមិនទាន់អាចសម្រេច បានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ និងកើតឡើងនៅចំពេលដែលវៀតណាមកំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ខណៈសង្រ្គាមអ៊ុយក្រែនកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ ឧស្សាហកម្មអាវុធរុស្ស៉ី ដែលជាដៃគូយោធាធំបំផុតរបស់ទីក្រុងហាណូយ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមើលឃើញថាកិច្ចពិភាក្សាខាងលើ ជាសញ្ញាមួយបង្ហាញពីការចាប់ផ្ដើមមួយរបស់វៀតណាម ក្នុងការបើកចំហឆ្ពោះទៅកាន់ ឧស្សាហកម្មអាវុធអាមេរិក ហើយអាចនឹងកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើសព្វាវុធរុស្ស៉ី៕