(កៀវ)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាគ្មានឡើយបទឈប់បាញ់នៅក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ បើទោះជាមានការដោះដូរអ្នកទោសរាប់សិបនាក់ ក្នុងនោះរួមមានពលរដ្ឋអាមេរិកម្នាក់ ដែលនេះបង្ហាញថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នៅតែរក្សាបាននូវការទំនាក់ទំនងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៉ី និងអ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ន មិនបានជួបចរចាគ្នាដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយជិត ១០ខែមកនេះឡើយ ខណៈការវាយប្រហារកើនឡើងយ៉ាងក្ដៅគគុក សារជាថ្មីនៅថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូង រហូតដល់ធ្លាយដល់រដ្ឋធានីកៀវ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងប្រជាជនអ៊ុយក្រែន រាប់លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ឬភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

នៅក្នុងសុន្ទរកថាជាវីដេអូ ក្នុងយប់ថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថាគ្មានឡើយភាពស្ងប់ស្ងាត់នៅក្នុងតំបន់សមរភូមិមុខ ដូច្នេះការបំផ្លិចបំផ្លាញ និងការវាយប្រយុទ្ធគ្នានឹងនៅតែបន្តកើតមាន។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នៅក្នុងសប្ដាហ៍នេះបាននិយាយថារុស្ស៉ីគួរតែចាប់ផ្ដើមដកកងទ័ពចេញនៅរដូវកាលបុណ្យណូអែល ជាការបោះជំហានឆ្ពោះទៅរកការ បញ្ចប់សង្រ្គាមធំជាងគេបំផុតមិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ប៉ុន្តែ ទីក្រុងមូស្គូបានច្រានចោលសំណើនេះ ដោយរំឮកថាទីក្រុងកៀវត្រូវតែ ទទួលស្គាល់តំបន់ដែលរុស្ស៉ីកាត់យកពីអ៊ុយក្រែន ជាមុនសិន មុននឹងនិយាយពីរឿងចរចា៕