(ស៊ូដង់)៖ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនស៊ីវិល ១៦៦នាក់ត្រូវបានសម្លាប់ និង ២៣៧នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ៤ខែចុងក្រោយនេះ នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Upper Nile នៃប្រទេសស៊ូដង់ខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
លោក Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្លាប់ទាំងនេះ មកជាមួយនឹងរបាយការណ៍នៃអំពើហិង្សាផ្អែកលើយេនឌ័រ ការចាប់ពង្រត់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ គឺជាការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ»។
រដ្ឋ Upper Nile របស់ស៊ូដង់ខាងត្បូង បានជួបប្រទះអំពើហិង្សាចាប់តាំងពីខែសីហា ដែលធ្វើឲ្យជនស៊ីវិលធ្វើការផ្លាស់ទីលំនៅរាប់ពាន់នាក់ផងដែរ ដែលភាគច្រើនជាកុមារ និងស្ត្រី នេះបើយោងតាមអង្គការសហប្រជាជាតិ។
លោក Turk បានជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតភ្លាមៗ ហ្មត់ចត់ និងមិនលំអៀងលើអំពើហិង្សានេះ ហើយនាំអ្នកទទួលខុសត្រូវទាំងអស់មកកាត់ទោសស្របតាមច្បាប់អន្តរជាតិ។
លោកក៏បានអំពាវនាវដល់មេដឹកនាំសហគមន៍ និងអ្នកចាស់ទុំ ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើក្រុមដែលពាក់ព័ន្ធក្នុងអំពើហិង្សា ដើម្បីបញ្ចប់ការបង្ហូរឈាមផងដែរ៕