(ឡុងដ៍)៖ បើយោងតាមប្រភពពីរដ្ឋាភិបាល បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធ ទី១៤ ខែធ្នូនេះថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ បន្ទាប់ពីទូកតូចមួយ ដែលដឹកជនចំណាកស្រុក បានលិចនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
BBC បានរាយការណ៍ថា ទូកជនចំណាកស្រុកបានជួបការលំបាកនៅព្រឹកព្រលឹមថ្ងៃពុធនេះ នៅឯឆ្នេរសមុទ្រ Dungeness ចម្ងាយ ៣០ ម៉ាយស្ថិតភាគខាងលិចទីក្រុង Dover ។
បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រអង់គ្លេស កងទ័ពជើងទឹកបារាំង និងឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់បានទៅជួយសង្គ្រោះ អ្នកដំណើរ ៤៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។
ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្ហាញយុទ្ធសាស្រ្តប្រាំចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ រួមទាំងច្បាប់ថ្មីដើម្បីហាមឃាត់ជនចំណាកស្រុកមិនឱ្យស្នាក់នៅក្នុងប្រទេសផងដែរ។
មនុស្សជាង ៤០,០០០នាក់បានមកដល់ប្រទេសអង់គ្លេសក្នុងឆ្នាំនេះ តាមទូកតូចៗដ៏គ្រោះថ្នាក់ឆ្លងកាត់ច្រកសមុទ្រមួយ ដែលជាចំណុចនៃការទាស់ទែងគ្នារវាងចក្រភពអង់គ្លេស និងបារាំងជាយូរមកហើយ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីមួយខែមុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកំណត់ការឆ្លងកាត់ព្រំដែន៕