(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃពុធនេះ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី Tu-95 ចំនួន២គ្រឿង បានអនុវត្តបេសកកម្មហោះហើរល្បាត រយៈពេល៧ម៉ោង នៅលើដែនសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
ក្រុមយន្តហោះទម្លាប់គ្រាប់បែកខាងលើ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងមីស៉ីលគ្រូសបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ត្រូវបានអមដំណើរដោយក្រុមយន្តហោះចម្បាំងស៊េរី Su ផងដែរ កំលុងការបំពេញបេសកកម្មល្បាតនោះ។ ទីក្រុងមូស្គូបានបន្ថែមថា ការហោះហើរល្បាតរបស់ក្រុមយន្តហោះយោធារុស្ស៉ីនេះ គឺស្របតាមក្បួនច្បាប់ដែនអាកាសអន្តរជាតិ ហើយស្ថិតក្រោមក្របខណ្ឌ នៃការហោះហើរជាទូទៅ នៅលើតំបន់អ្វីដែលខ្លួនហៅថា ដែនទឹកអព្យាក្រឹតនៃសមុទ្រអាក់ទិច, អាត្លង់ទិចខាងជើង, សមុទ្រខ្មៅនិងបាល់ទិច ព្រមទាំងមហាសមុទ្រប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា ទោះកំពុងរវល់ក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រក៏ដោយ រុស្ស៉ីបានបន្តការហោះហើរជាប្រចាំ នៃក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីបង្ហាញពីភាពរឹងមាំចំពោះបណ្តាប្រទេសក្បែរខាង ដែលស្ថិតនៅជាប់ តំបន់ចុងបូព៌ារបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ ទីក្រុងមូស្គូបានធ្វើការហោះល្បាតរួមគ្នាជាមួយចិន នៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត៕