(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នឹងចាប់ផ្តើមផែនការជាដំណាក់កាល នៃការហាមឃាត់ការលក់ថ្នាំជក់ស្ទើរតែទាំងស្រុង ចាប់ពីឆ្នាំ២០២៣ទៅ បន្ទាប់ពីសភានូវែលសេឡង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលកំណត់ថា អ្នកកើតក្រោយឆ្នាំ២០០៨ នឹងមិនអាចទិញបារី ឬផលិតផលថ្នាំជក់បានឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មាន AFPនៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

វានឹងមានន័យថា ចំនួនមនុស្សដែលអាចទិញថ្នាំជក់នឹងថយចុះជារៀងរាល់ឆ្នាំ។ ជាឧទាហរណ៍នៅឆ្នាំ២០៥០ សូម្បីមនុស្សអាយុខ្ទង់ ៤០ឆ្នាំក៏នឹងមិនអាចទិញបារីបានដែរ។ រដ្ឋមន្រ្តីសុខាភិបាលនូវែលសេឡង់ លោកស្រី អាយីសា វឺរ៉ល (Ayesha Verrall) ដែលជាអ្នករៀបរាងច្បាប់ថ្មីនេះ បាននិយាយថា វាជាជំហានមួយឆ្ពោះទៅរកអនាគតដែលគ្មានថ្នាំជក់។

លោកស្រី វឺរ៉ល បានគូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់នឹងរស់នៅបានយូរ ហើយជីវិតពួកគេកាន់តែមានសុខភាពល្អ ខណៈប្រព័ន្ធសុខភាពនឹងសល់លុយចំនួន ៣.២ពាន់លានដុល្លារ ពីភាពមិនចាំបាច់ត្រូវព្យាបាលជំងឺផ្សេងៗ ដែលបណ្តាលមកពីការជក់បារី»

គួរបញ្ជាក់ថា ស្ថិតិរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកា បានឲ្យដឹងថា អត្រានៃការជក់បារីរបស់ ប្រទេសនូវែលសេឡង់ គឺស្ថិតនៅក្នុងកម្រិតទាបជាប្រវត្តិសាស្ត្ររួចទៅហើយ ដោយក្នុងនោះមានមនុស្សពេញវ័យត្រឹមតែ ៨%ប៉ុណ្ណោះដែលជក់បារីជារៀងរាល់ថ្ងៃ ដោយធ្លាក់ចុះពី ៩.៤%កាលពីឆ្នាំមុន៕