(ប៉ារីស)៖ សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាផ្តល់ថវិកាបន្ថែមចំនួន ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.១ពាន់លានដុល្លារ ជាជំនួយសង្គ្រោះបន្ទាន់ក្នុងរដូវរងា ឆ្លើយតបទៅនឹងការអំពាវនាវពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីយកមកទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី លើបណ្តាញថាមពលរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

ប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសនិងអង្គការអន្តរជាតិចំនួន៧០ បានជួបគ្នាក្នុងទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំមួយដែលមានគោលបំណងធ្វើឲ្យប្រជាជនអ៊ុយក្រែន «ឆ្លងផុតរដូវរងានេះ»។ ថ្លែងតាមរយៈវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ជាការពិតណាស់ វាគឺជាចំនួនដ៏ខ្ពស់ ប៉ុន្តែវានៅតិចជាងតម្លៃ នៃការដាច់ចរន្តអគ្គិសនីរបស់អ៊ុយក្រែន»

រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី កាតឺរីន កូឡូញា (Catherine Colonna) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ប្រទេសមួយចំនួនធំនឹងប្រើយន្តការនេះ ដែលមិនត្រឹមតែសមាជិកទាំងអស់ដែលជាដៃគូរបស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែរួមទាំងដៃគូមិនមែនអឺរ៉ុប ដូចជា ប្រទេសបារ៉ែន កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី កាតា និងអ្នកតំណាងមកពីប្រទេសដែលកម្រមានវត្តមាន ក្នុងសន្និសីទអន្តរជាតិសម្រាប់អ៊ុយក្រែន កន្លងមក។

គួរបញ្ជាក់ថា បើតាមនាយករដ្ឋមន្រ្តីអ៊ុយក្រែន ៤០ទៅ៥០ភាគរយនៃបណ្តាញថាមពលរបស់ប្រទេស គឺមិនមានសកម្មភាព ដោយសារតែការវាយប្រហាររបស់រុស្ស៊ី។ មនុស្ស ១.៥លាននាក់ផ្សេងទៀត មិនមានថាមពលអគ្គិសនីប្រើប្រាស់ នៅភាគខាងត្បូងទីក្រុងអូដេសសា (Odessa) ចាប់តាំងពីចុងសប្តាហ៍មក៕