(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថានាថ្ងៃពុធនេះ ប្រព័ន្ធការពារអាកាសនៅរដ្ឋធានីកៀវ បានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៉ីចំនួន១៣គ្រឿង បន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយប្រហារជាថ្មីទៀត តាមដែនអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
លោក ហ្សេលេនស្គី បាននិយាយក្នុងឃ្លីបវីដេអូមួយថា រុស្ស៉ីបានចាប់ផ្តើមកាលពីព្រឹកមិញនេះ ជាមួយយន្តហោះដ្រូនសាហ៉ីដ (Shahed) ចំនួន១៣គ្រឿង ប៉ុន្តែដ្រូនទាំង១៣គ្រឿងនោះ ត្រូវបានបាញ់ទម្លាក់ចោលទាំងអស់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅទីក្រុងកៀវ។ ដ្រូន Shahed នេះ គឺសំដៅលើដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ ដែលរុស្ស៉ីរងការចោទប្រកាន់ថា បានប្រើប្រាស់ក្នុងការវាយប្រហារលើ គោលដៅនានានៅអ៊ុយក្រែន។
ដោយឡែក នៅមុនការប្រកាសរបស់លោក ហ្សេលេនស្គី ក្នុងថ្ងៃដដែលនេះ លោក វីតាលី គ្លីតឆ្កូ (Vitali Klitschko) ដែលជាអភិបាលទីក្រុងកៀវ បានប្រាប់ថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុង បាញ់ស្កាត់ដ្រូន Shahed បាន១០គ្រឿង និងមានហេតុការណ៍ផ្ទុះមួយចំនួន ក្នុងសង្កាត់សេវឆេនគីវស្គី (Shevchenkivskyi) ដែលស្ថិតនៅកណ្តាលរដ្ឋធានីកៀវ។ បើតាមលោក គ្លីតឆ្កូ អគាររដ្ឋបាលចំនួនពីរខ្នង ក៏បានរងការខូចខាតផងដែរ ប៉ុន្តែមិនមានព័ត៌មានអំពីមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។
គួរបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ កងកម្លាំងរបស់រុស្ស៉ីបានបង្កើន ការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ ដោយប្រើប្រាស់មីស៉ីលនិងដ្រូនមកលើហេដ្ឋារចនាសម្ពន្ធស៉ីវិលៗរបស់អ៊ុយក្រែន ជាពិសេសបណ្តាញផលិតនិងបញ្ជូនថាមពលអគ្គិសនី ដែលជាហេតុបណ្តាលឱ្យ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ ត្រូវស្ថិតក្នុងស្ថានភាពដ៏ត្រជាក់ហើយងងឹត អំលុងរដូវរងា៕