(គីនស្ហាសា)៖ ចំនួនអ្នកដែលបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេសកុងហ្គោនៃទ្វីបអាហ្រ្វិក បានបន្តកើនដល់យ៉ាងហោច១២០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

បណ្តាសហគមន៍ក្នុងរដ្ឋធានីគីនស្ហាសា (Kinshasa) នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិតនៅតំបន់អាហ្រ្វិកកណ្តាល ត្រូវបានទឹកលាយឡំជាមួយល្បាប់ភក់ជន់លិចទាំងស្រុង ខណៈលំនៅឋាននិងផ្លូវថ្នល់ ត្រូវបានបំផ្លិចបំផ្លាញក៏ដូចជាកាត់ផ្តាច់ ​ដោយ​សាររណ្តៅបាត់ស្រុតនិងគ្រោះរអិលបាក់ដី ក្នុងនោះរួមមានទាំងផ្លូវហាយវេ N1 ដែលតភ្ជាប់ទីក្រុងគីនស្ហាសាឆ្ពោះទៅកាន់​​ទីក្រុងកំពង់ផែធំជាងគេរបស់កុងហ្គោ គឺម៉ាតាឌី (Matadi) ថែមទៀតផង។

គួរបញ្ជាក់ថា មានប្រជាជនប្រមាណជា១២លាននាក់ កំពុងរស់នៅក្នុងសហគមន៍សរុបចំនួន២៤នៃទីក្រុងគីនស្ហាសា ដែលទទួលរង​ការវាយប្រហារ ដោយទឹកជំនន់។ កាលពីក្នុងឆ្នាំ២០១៩ នៅពេលភ្លៀងធ្លាក់ខ្លាំងបានបង្កការជន់លិច នៅតាមតំបន់ទំនាបៗនៃទីក្រុងគីនស្ហាសា គឺមនុស្សយ៉ាងតិច ៣៩នាក់បានស្លាប់ ហើយអគារនិងផ្លូវថ្នល់មួយចំនួន បានបាក់ស្រុតនិងដាច់៕