(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហភាពអឺរ៉ុប (EU) ត្រូវតែធ្វើការបន្ថែមទៀតដើម្បីការពារព្រំដែន និងបញ្ឈប់លំហូរជនចំណាកស្រុកពីតំបន់អាហ្វ្រិកខាងជើង។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងទៅកាន់សភាអ៉ីតាលីមុនកិច្ចប្រជុំកំពូលសភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ លោកស្រី ម៉េឡូនី បាននិយាយថា អ៉ីតាលីដែលមានការប្តេជ្ញាគូសបន្ទាត់ដ៏តឹងរ៉ឹងលើបញ្ហាអន្តោប្រវេសន៍នោះ បានចាប់ជនចំណាកស្រុករហូតដល់ ៥០០នាក់ ចេញពីកប៉ាល់សប្បុរសធម៌២គ្រឿង ដែលបានអនុញ្ញាតឲ្យចូលចតក្នុងប្រទេស។ ក្រោយមកនៅក្នុងការជជែកដេញដោល លោកស្រី ម៉េឡូនី បានសង្កត់ធ្ងន់ថា គោលនយោបាយផ្លាស់ទីលំនៅរបស់ EU សម្រាប់ជនចំណាកស្រុក គឺមិនសមស្របសម្រាប់អ៊ីតាលី ដែលជាបន្ទុកធ្ងន់ពេក។
លោកស្រី ម៉េឡូនី បានគូសបញ្ជាក់ថា «ខ្ញុំគិតថាវាមិនមែនជាដំណោះស្រាយទេដែលថា មានអ៉ីតាលីមួយគត់ ដែលត្រូវបានប្រើប្រាស់ជាច្រកផ្លូវចេញពីសហភាពអឺរ៉ុប ដើម្បីទទួលឲ្យជនភៀសខ្លួនជាង ១០០,០០០នាក់ ឆ្លងកាត់ចូលទៅកាន់ប្រទេសចំនួន ៣០ផ្សេងទៀត។ រដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ក៏គួរតែមានសម្ពាធពីការទទួល យកជនចំណាកស្រុក តាមរយៈប្រទេសដ៏ទៃដែរ។
គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃអ៉ីតាលី ជនចំណាកស្រុកជាង ៩៨,០០០នាក់ បានមកដល់ប្រទេសអ៊ីតាលីតាមច្រកសមុទ្រក្នុងឆ្នាំ២០២២ កើនឡើងពីចំនួនប្រហែល ៦៣,០០០នាក់ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕