(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបជាមួយសមភាគីរបស់ខ្លួនមកពីតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធសប្ដាហ៍នេះជាមួយការសម្លឹងរកការពង្រឹងទំនាក់ទំនងឡើងវិញ នៅចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងឥទ្ធិពលចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

អឺរ៉ុប បាន និងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ដែលត្រូវបានគេមើលឃើញថាកំពុង រីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីបារាំង បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាចាំបាច់សម្រាប់អឺរ៉ុប ក្នុងការផ្សារភ្ជាប់ឡើងវិញជាមួយអាស៊ាន ដែលជាតំបន់ដ៏មានសក្ដានុពលមួយនៅលើពិភពលោក»

សហភាពអឺរ៉ុបបានស្វះស្វែងយ៉ាងខ្លាំងតាមរយៈការទូត ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសនៅជុំវិញពិភពលោកថ្កោលទោស និងប្រឆាំងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ប៉ុន្តែ ប្រទេសជាសមាជិកអាស៊ានទាំង១០ មិនទាន់ឯកភាពគ្នាក្នុងការចាត់វិធានការឆ្លើយតបចំពោះសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន នៅឡើយទេ ដោយក្នុងនោះមានតែសិង្ហបុរីមួយគត់ ដែលបានចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី ខណៈប្រទេសជាសមាជិក ភាគច្រើនក្នុងនោះរួមមានវៀតណាម និងឡាវ នៅតែរក្សាអព្យាក្រឹតភាព និងទំនាក់ទំនងជិតស្និទផ្នែកយោធាជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបជាមួយសមភាគីរបស់ខ្លួនមកពីតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលជាប្រធានអាស៊ានផងនោះ នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល។ ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។

រូបភាពដែលបានបង្ហាញ បានស្តែងនូវកាយវិការដ៏ស្និទ្ធស្នាលបំផុតរវាងសម្តេចតេជោ និងលោក ម៉ាក្រុង។ សម្តេចតេជោ បានគូសបញ្ជាក់ថា លោក ម៉ាក្រុង ដៃគូសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សម្តេចតេជោ បានអរគុណលោក ម៉ាក្រុង ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕