(មូស្គូ)៖ រុស្ស៉ី បានច្រានចោលផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងតម្រូវឱ្យមានការដកកងទ័ពរុស្ស៉ី ជាមួយ ការសង្កត់ធ្ងន់ថាទីក្រុងកៀវចាំបាច់ត្រូវតែទទួលស្គាល់ការពិតជាប់ពាក់ព័ន្ធនឹងទឹកដីថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់ទៀតថាការពិតដែល អ៊ុយក្រែនត្រូវទទួលស្គាល់ នោះគឺទឹកដីអ៊ុយក្រែនចំនួន៤ តំបន់ ដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ក្រោមការថ្កោលទោស ពីសំណាក់បណ្ដាប្រទេសភាគច្រើនជាសមាជិក UN ដែលចាត់ទុកថានេះជាទង្វើខុសច្បាប់។ លោក ប៉េសកូវ ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹង សំណើររបស់លោក ហ្សេលេនស្គី ស្នើទៅកាន់មេដឹកនាំនៃក្រុមប្រទេស G7 កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ឱ្យបញ្ជូនអាវុធមកបន្ថែម គាំទ្រផ្នែកហិរញ្ញវត្ថុ ថាមពល ព្រមទាំងគាំទ្រដល់ផែនការសន្តិភាពរបស់លោក ដែលចង់ចាប់ផ្ដើមជាមួយការដកកងទ័ពរុស្ស៉ីចេញពីអ៊ុយក្រែន នៅរដូវបុណ្យណូអែលខាងមុខនេះ។

ប៉ុន្តែ បើតាមលោក ប៉េសកូវ រុស្ស៉ីនឹងមិនដកកងទ័ពរបស់ខ្លួនចេញនៅមុនដំណាច់ឆ្នាំ២០២២នេះទេ ហើយថាអ៊ុយក្រែនគួរតែទទួលស្គាល់ការពិតដែលបានកើតឡើង ក្នុងពេលបច្ចុប្បន្ន នោះគឺទឹកដីអ៊ុយក្រែនចំនួន៤ នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសដែលរុស្ស៉ីបានកាត់យក តាមរយៈការបោះឆ្នោតប្រជាមតិដែល អ៊ុយក្រែន និងលោកខាងលិចអះអាងថាធ្វើឡើងដោយខុសច្បាប់៕