(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងធ្វើការសម្រេចចិត្តចុងក្រោយលើផែនការបញ្ជូនប្រព័ន្ធខែលការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដោយការសម្រេចចិត្តអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ឬអាចនៅក្នុងសប្ដាហ៍នេះតែម្ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនអាវុធបន្ថែម ក្នុងនោះមានទាំងប្រព័ន្ធមីស៊ីលការពារ ដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ជាចាំបាច់ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី ដែលបាននិងកំពុងទម្លាក់គ្រាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន។ មីស៊ីលប៉ាទ្រីយ៉ូត (Patriot) ជាប្រព័ន្ធខែលការពារមីស៊ីលផលិតដោយក្រុមហ៊ុនអាមេរិក Raytheon Technology។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣រូប បានឱ្យដឹងទៀតថាការសម្រេចចិត្តណាមួយលើការបញ្ជូនប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដោយនៅរង់ចាំតែការអនុម័តយល់ព្រមពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែប៉ុណ្ណោះ។ ប៉ុន្តែ មន្ទីរបញ្ចកោណមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយជុំវិញសេចក្ដីរាយការណ៍របស់ Reuters។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ធ្លាប់បានព្រមានប្រឆាំងអង្គការណាតូ (NATO)​ ចំពោះគម្រោងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដល់អ៊ុយក្រែន ជាមួយការគំរាមពីហានិភ័យផ្ទុះសង្រ្គាមដោយផ្ទាល់រវាង NATO និងរុស្ស៉ី៕