(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថា ចិន និងរុស្ស៉ី កំពុងបង្កអស្ថិរភាពនៅក្នុងតំបន់អាហ្វ្រិក ខណៈទីក្រុងវ៉ាស៊ីនតោន ក្រាលកម្រាលព្រំពណ៌ក្រហមទទួលស្វាគមន៍មេដឹកនាំអាហ្វ្រិក និងសន្យាផ្ដល់ជំនួយរាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

មេដឹកនាំអាហ្វ្រិក ៤៩រូប បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិក ស្របពេលលោកប្រធានាធិបតី ចូ បៃដិន ស្វះស្វែង ប្រើប្រាស់ការទូតសំដៅបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិកឡើងវិញ នៅក្នុងតំបន់អាហ្វ្រិក ប្រជែងជាមួយចិន និងរុស្ស៉ី។ នៅក្នុងជំនួបជាមេដឹកនាំអាហ្វ្រិក នៅឯកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិកមានរយៈពេល៣ថ្ងៃ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានលើកឡើងត្រង់ៗ ពីការពង្រីកឥទ្ធិពល និងការបង្កអស្ថិរភាពពីសំណាក់ចិននៅក្នុងតំបន់អាហ្វ្រិក តាមរយៈអំណាចសេដ្ឋកិច្ច ហើយលោកក៏ព្រមានដែរថារុស្ស៉ីកំពុងបង្កអស្ថិរភាព នៅក្នុងតំបន់ដោយបន្តលក់អាវុធក្នុងតម្លៃថោក និងដាក់ពង្រាយកងទ័ពស៊ីឈ្នួលនៅទូទាំងទ្វីបអាហ្វ្រិក។

គួរបញ្ជាក់ថា លោក ចូ បៃដិន មានផែនការប្រកាសពីការបញ្ចេញកញ្ចប់ជំនួយ ៥៥ពាន់លានដុល្លារ សម្រាប់តំបន់អាហ្វ្រិក ក្នុងរយៈពេល៣ឆ្នាំ ព្រមទាំងការវិនិយោគ ៤ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដើម្បីបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលអាហ្វ្រិកដែលជាអាទិភាពមួយរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីផ្ទុះ ការឆ្លងរាលដាលកូវីដ១៩មក។ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាហ្វ្រិក បានថមថយគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈចិន និងរុស្ស៉ីកាន់តែពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់រៀងៗខ្លួន៕