(កុងហ្គោ)៖ អាជ្ញាធរប៉ូលីសបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

លោកមេប៉ូលិស Sylvano Kasongo បានប្រាប់ទីភ្នាក់ងារព័ត៌មានា AFP នៅថ្ងៃអង្គារថា «យើងមានអ្នកស្លាប់ប្រហែល ៥០នាក់រួចហើយ ហើយនោះមិនទាន់ជាចុងក្រោយនៅឡើយ»

នៅក្នុងសង្កាត់ Binza Delvaux អ្នកយកព័ត៌មាន AFP បានឃើញមនុស្ស ០៩នាក់បានស្លាប់ នៅពេលដែលផ្ទះរបស់ពួកគេដួលរលំ។ ផ្លូវសំខាន់ៗនៅកណ្តាលទីក្រុង Kinshasa ដែលជាទីក្រុងដែលមានប្រជាជនប្រហែល ១៥លាននាក់ក៏ត្រូវបានលិចទឹកផងដែរ។ ទឹកជំនន់ក៏បានជន់លិចតាមដងផ្លូវនៅក្នុងសង្កាត់រដ្ឋាភិបាល ដែលបណ្តុំដោយក្រសួង និងស្ថានទូតនានាផងដែរ៕