(ប្រ៊ុចសែល)៖ សមាជិកសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ក្នុងការដកលោកស្រី Eva Kaili ចេញពីតំណែងជាអនុប្រធានសភាអឺរ៉ុប បន្ទាប់ពីលោកស្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ ដែលបានធ្វើឱ្យស្ថាប័នសហភាពអឺរ៉ុបមានភាពរកាំរកូស និងខូចមុខមាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។
ចលនានេះត្រូវបានគាំទ្រ ដោយសមាជិកសភាសហភាពអឺរ៉ុបចំនួន ៦២៥នាក់ ទល់នឹងម្នាក់។ ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola បានសរសេរនៅលើ Twitter បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអង្គារថា «ការសម្រេចចិត្តនេះមានប្រសិទ្ធភាពភ្លាមៗ»។
លោកស្រីបានសរសេរទៀតថា «យើងនឹងបន្តសហការយ៉ាងពេញលេញជាមួយនឹងស្ថាប័នអនុវត្តច្បាប់ជាតិដែលពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរតុលាការជាដើម»។
ប្រធានក្រុមនយោបាយទាំងអស់ នៅមុននេះបានចាប់ផ្តើមនីតិវិធីនៅទីក្រុង Strasbourg ប្រទេសបារាំង ដើម្បីបណ្តេញ លោកស្រី Kaili ដែលមានអាយុ ៤៤ឆ្នាំចេញពីមុខតំណែងជាន់ខ្ពស់ បន្ទាប់ពីនាងនិងអ្នកផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ថា ម្ចាស់ផ្ទះ World Cup ប្រទេសកាតា បានខ្ជះខ្ជាយលុយនិងអំណោយជាច្រើនដល់ពួកគេដើម្បីជះឥទ្ធិពលដល់ការសម្រេចចិត្ត ដែលជាការចោទប្រកាន់ដែលរូបលោកស្រីបានបដិសេធ។
គួរបញ្ជាក់ា លោកស្រី Kaili ជាអ្នកនយោបាយក្រិក និងជាអនុប្រធានម្នាក់ក្នុងចំណោម ១៤នាក់នៅក្នុងសភាអឺរ៉ុប ស្ថិតក្នុងចំណោមមនុស្ស ៤នាក់ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបែលហ្សិកកាលពីចុងសប្តាហ៍ ជុំវិញរឿងអាស្រូវដែលបានបង្កឱ្យមានកំហឹងនៅទីក្រុងប្រ៊ុចសែល និងហានិភ័យធ្វើឱ្យខូចមុខមាត់សហភាពអឺរ៉ុបទាំងក្នុង និងក្រៅប្រទេស៕