(ញូដេលី)៖ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាចណាត ស៉ីញ (Rajnath Singh) នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ទៅលើចិនថា ព្យាយាមផ្លាស់ប្តូរដោយឯកតោភាគីចំពោះស្ថានភាពដើម នៅឯតំបន់ព្រំដែនជម្លោះនៃជួរភ្នំហិម៉ាល័យ កាលពីសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឱ្យកងទ័ពភាគីទាំងសងខាង ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។
លោក រ៉ាចណាត ស៉ីញ បានបញ្ជាក់ប្រាប់សភានៃប្រទេសឥណ្ឌាថា កងទ័ពឥណ្ឌានិងកងទ័ពចិនបានប៉ះទង្គិចគ្នា ក្នុងការប្រឈមមុខថ្មីមួយទៀត កាលពីថ្ងៃទី៩ ខែធ្នូ នៅរដ្ឋអារូណាឆាល ប្រាដេស (Arunachal Pradesh) ភាគឦសាននៃប្រទេសឥណ្ឌា។ លោក ស៉ីញ បានសង្កត់ធ្ងន់ថា ពេលនោះខាងកងទ័ពចិនបានព្យាយាមជាលក្ខណៈឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពដើមនៅឯតំបន់ព្រំដែន តាមរយៈការទន្ទ្រានឆ្លងខ្សែបន្ទាត់ LAC នៅចំណុច តាវ៉ាង (Tawang)។
បើតាមលោកប្រមុខការពារជាតិឥណ្ឌា ការប៉ះទង្គិចគ្នាថ្មីខាងលើដែលកើតឡើង ក្រោយការធ្វើសមយុទ្ធយោធារួមកាលពីពេលថ្មីៗកន្លងទៅ រវាងសហរដ្ឋអាមេរិកនិងឥណ្ឌា នៅក្បែរតំបន់ព្រំប្រទល់ហើយបានបង្កឱ្យចិនមានការមិនពេញចិត្តនោះ គឺបានបណ្តាលឱ្យកងទ័ពភាគីទាំងសងខាងរងរបួស ប៉ុន្តែលោកមិនបានបញ្ជាក់ចំនួនឡើយ។ រីឯខាងក្រសួងការបរទេសចិន ក៏បានចេញមុខនិយាយផងដែរថា ស្ថានការណ៍នៅព្រំដែនចិន-ឥណ្ឌានាពេលនេះ គឺហាក់បានស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលបានកើតឡើង ឬមួយក៏ថាតើកងទ័ពចិនរងរបួសប៉ុន្មាននាក់នោះទេ។
គួរបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នានៅព្រំដែន រវាងមហាយក្សអាស៉ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នា កាលពីឆ្នាំ២០២០ គឺកងទ័ពឥណ្ឌាចំនួន២០នាក់ ហើយនិងកងទ័ពចិន៤នាក់ បានបាត់បង់ជិវិត៕