(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនទើបទទួលជោគជ័យ ក្នុងការធ្វើតេស្តថ្មីមួយទៀត ទៅលើមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ជាប្រភេទអាវុធយុទ្ធសាស្រ្តដ៏ទំនើប ដែលកំពុងស្ថិតនៅក្រោមការ​អភិវឌ្ឍដូចគ្នា ដោយចិននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៉ីលល្បឿនលឿនជាងសំឡេង AGM-183A នៃកម្មវិធី ARRW ត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52H កាលពីសប្តាហ៍កន្លងទៅ នៅក្បែរឆ្នេររដ្ឋកាលីហ្វ័រញ៉ា ហើយវាឈានដល់​ល្បឿនហៃភើសូនិច គឺលឿនជាងល្បឿនសំឡេងលើសពី៥ដង ហើយបញ្ចប់គន្លងហោះហើររបស់វា រួចបំផ្ទុះខ្លួនដោយជោគជ័យ នៅគោលដៅដែលបានកំណត់ទុក។

យោធាអាមេរិកបានបន្តថា ខាងលើគឺជាការធ្វើតេស្តបាញ់ជាលើកដំបូងបំផុត នៃប្រព័ន្ធមីស៉ីលសាកល្បង ដែលអាចធ្វើប្រតិបត្តិការ​បានពេញលេញ។ សហរដ្ឋអាមេរិក មានកម្មវិធីអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេងមួយចំនួនផ្សេងគ្នា ខណៈកាលពីពេលកន្លងទៅក្នុងឆ្នាំ២០២២នេះ ទីភ្នាក់ងារស្រាវជ្រាវបច្ចេកវិទ្យាសព្វាវុធ DARPA របស់ក្រសួងការពារជាតិអាមេរិក ក៏បានធ្វើតេស្តមីស៉ីលហៃភើសូនិចមួយប្រភេទទៀតផងដែរ។

គួរបញ្ជាក់ថា មីស៉ីលដ៏ទំនើបនេះមានសមត្ថភាពហោះហើរបត់បែត ដើម្បីពាំក្បាលគ្រាប់នុយក្លេអ៊ែរឱ្យទៅដល់គោលដៅ ក្នុងកម្រិត​ត្រឹមត្រូវខ្ពស់បំផុត ហើយនៅក្នុងល្បឿនដ៏លឿនដែលពិបាកក្នុងការបាញ់ស្កាត់។ កាលពីឆ្នាំមុន ចិនធ្លាប់បានធ្វើតេស្តទៅលើមីស៉ីល​ហៃភើសូនិចមួយរបស់ខ្លួន ហើយរុស្ស៉ីបានប្រើប្រាស់មីស៉ីលល្បឿនជាងសំឡេងនេះ កំលុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ចំណែកឯ កូរ៉េខាងជើងក៏បានអះអាងថា ធ្លាប់ធ្វើតេស្តហោះហើរមីស៉ីលហៃភើសូនិចផងដែរ៕