(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) នៅថ្ងៃអង្គារនេះ បាននិយាយថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវតែបន្តរួមសាមគ្គីគ្នាដើម្បីជួយអ៊ុយក្រែន តស៊ូជម្នះការឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែទន្ទឹមគ្នាក៏គួរបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ឱ្យមានបទឈប់បាញ់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងទៅកាន់រដ្ឋសភាអ៉ីតាលី មុនកិច្ចប្រជុំកំពូលមួយរបស់ EU ក្នុងសប្តាហ៍នេះ លោកស្រី មេឡូនី បានលើកឡើងថា លទ្ធភាពតាមផ្នែកការទូត ដើម្បីឆ្ពោះទៅសម្រេចបានបទឈប់បាញ់ សម្រាប់សង្រ្គាមដែលបានអូសបន្លាយ រយៈពេលប្រមាណជា១០ខែមកហើយនេះ គឺមានកម្រិតទាបជាខ្លាំង ប៉ុន្តែអ៉ីតាលីនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញលើកស្ទួយកិច្ចផ្តួចផ្តើមនានា ដែលគោលដៅបែបនេះ។ លោកស្រីនាយករដ្ឋមន្រ្តីអ៉ីតាលី ជឿជាក់ថា EU គួរតែដើរតួនាទីឱ្យម៉ឺងម៉ាត់ខ្លាំងជាងមុន នៅក្នុងបញ្ហានេះ។
គួរបញ្ជាក់ថា យោងតាមលទ្ធផលស្ទង់មតិកន្លងៗមក ប្រជាជនអ៉ីតាលីភាគច្រើនគាំទ្រ ឱ្យមានដំណោះស្រាយតាមច្រកការទូត ដើម្បីបញ្ចប់វិបត្តិសង្រ្គាមអ៊ុយក្រែន ហើយពួកគេប្រឆាំងនឹងការបញ្ជូនអាវុធបន្ថែមដល់ទីក្រុងកៀវ ខណៈរដ្ឋាភិបាលរបស់លោកស្រី មេឡូនី បានបង្ហាញសញ្ញាថា នឹងស្ម័គ្រចិត្តបន្តធ្វើយ៉ាងដូច្នោះ។ ដោយឡែកក្នុងពេលទន្ទឹមគ្នា រដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក ហ្គុយដូ ក្រូសេតតូ (Guido Crosetto) បានប្រាប់ព្រឹទ្ធសភាអ៉ីតាលីថា រដ្ឋាភិបាលនឹងមិនប្រកាសពីព័ត៌មានលម្អិត នៃការបញ្ជូនអាវុធនាពេលអនាគតឱ្យអ៊ុយក្រែនឡើយ គឺប្រកាន់ជំហរដូចគ្នាទៅនឹង អតីតរដ្ឋបាលដែលដឹកនាំដោយលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi)៕