(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានដឹកជញ្ជូនឧបករណ៍ថាមពលអគ្គិសនី ក្នុងជើងដំបូងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្ហាញការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រឆាំងនឹងការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីម្នាក់បាននិយាយថា គ្រឿងបរិក្ខារថាមពលអគ្គិសនីជើងដំបូងខាងលើ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ រីឯប្រភពមួយទៀតដែលដឹងពីបញ្ហានេះ បាននិយាយថា យន្តហោះ២គ្រឿងទៀតដែលផ្ទុកសម្ភារដូចគ្នា នឹងចាកចេញពីសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

មន្ត្រីអាមេរិកម្នាក់ទៀត បាននិយាយថា បរិក្ខារទាំងនេះត្រូវបានយកចេញពីមូលដ្ឋានយោធាអាមេរិក ហើយវាជំនួយលើកដំបូង នៃកញ្ចប់ជំនួយចំនួន ៥៣លានដុល្លារ ដែលបានប្រកាសកាលពីខែមុន បន្ទាប់ពីអ៊ុយក្រែននិយាយថា ខ្លួនត្រូវការម៉ាស៊ីនបំលែង​ថាមពល និងម៉ាស៊ីនភ្លើង ព្រមទាំងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានផ្តល់ថវិកា និងបរិក្ខារថាមពលដល់អ៊ុយក្រែន ដើម្បីជំរុញភាពធន់នៃថាមពលរបស់ទីក្រុងកៀវ។ ការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្ស៊ី បានធ្វើឲ្យមនុស្សរាប់លាននាក់ ស្ថិតក្នុងភាពងងឹត និងគ្មានមធ្យោបាយផ្តល់កម្តៅ ចំពេលសីតុណ្ហភាពក្រោមសូន្យអង្សា កំលុងរដូវរងា៕