(សេអ៊ូល)៖ បេសកជនរបស់ទីក្រុងសេអ៊ូល ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹងសម្របសម្រួលការដាក់ទណ្ឌកម្ម ហើយបិទចន្លោះប្រហោងនានា នៃកម្មវិធីទណ្ឌកម្មរបស់អន្តរជាតិ ប្រឆាំងកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំមួយនៅឯរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ជាមួយសមភាគីអាមេរិក និងជប៉ុន លោក គីម ហ្គុន (Kim Gunn) តំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ បានគូសបញ្ជាក់ថា «កូរ៉េខាងជើងកាន់តែគឃ្លើន និងបង្កការគំរាមកំហែងដោយនុយក្លេអ៊ែររបស់ខ្លួន។ ការបង្កហេតុបន្ថែមទៀតរបស់កូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមានការឯកភាពពីសហគមន៍អន្តរជាតិ»

រីឯតំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) បានថ្លែងថា អាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាង បង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងតំបន់ និងអន្តរជាតិ។ រីឯ អគ្គនាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៉ីហ្វិក របស់ក្រសួងការបរទេសជប៉ុន គឺលោក ហ្វូណាកូស៉ិ តាកេហ៉ីរ៉ូ (Funakoshi Takehiro) បានបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងបីបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដែលរួមមានទាំងសមត្ថភាពប្រឆាំងការវាយប្រហារ និងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ប៉ុន្តែនៅតែបើកចំហសម្រាប់ការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ក្នុងខែនេះសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មបន្ថែមទៀតលើមន្ត្រីកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប របស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីការធ្វើតេស្ត ICBM កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃការបាញ់មីស៉ីលច្រើនជាង ៦០លើកនៅឆ្នាំនេះ របស់កូរ៉េខាងជើង៕