(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងលើ លោក អេមម៉ឺសុន ម៉ាណានហ្កាវ៉ា ជូនៀ (Emmerson Mnangagwa Jr.) ដែលជាកូនប្រុសរបស់ប្រធានាធិបតីស៉ីមបាវ៉េ លោក អេមម៉ឺសុន ម៉ាណានហ្កាវ៉ា (Emmerson Mnangagwa) មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបើកកិច្ចប្រជុំកំពូលជាមួយ ក្រុមមេដឹកនាំនៃប្រទេសអាហ្រ្វិក នៅរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មលើ លោក ម៉ាណានហ្កាវ៉ា ជូនៀ រួមជាមួយបុគ្គល៣នាក់ និងក្រុមហ៊ុនពីរផ្សេងទៀត ហើយបានអះអាងថា កម្មវិធីទណ្ឌកម្មនេះគឺមានគោលដៅចំពោះ អ្នករំលោភសិទ្ធិមនុស្ស និងអ្នកដែលបំផ្លិចបំផ្លាញ​ដំណើរការប្រជាធិបតេយ្យ ឬសម្របសម្រូលឱ្យមានអំពើពុករលួយ ដោយមិនមានគោលដៅចំពោះប្រជាជនឬប្រទេសស៉ីមបាវ៉េផ្ទាល់ឡើយ។

បើតាមការចោទប្រកាន់របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមបុគ្គលនិងក្រុមហ៊ុនដែលជាប់ទណ្ឌកម្មខាងលើ គឺមានទំនាក់ទំនងជាមួយ​អ្នកជំនួញម្នាក់ឈ្មោះ គូដាកវ៉ាសេ តាកវីរៃ (Kudakwashe Tagwirei) ហើយនិងក្រុមហ៊ុន សាគូនដា ហូលឌីង (Sakunda Holdings) របស់លោក។ លោក តាកវីរៃ ត្រូវបានអាមេរិកចោទប្រកាន់ថា ប្រើប្រាស់ទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ទៅបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយ​​ក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលស៉ីមបាវ៉ា ដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ។

លោក តាកវីរៃ និងក្រុមហ៊ុនលោក ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២០។ ចំណែក ម៉ាណានហ្កាវ៉ា ជូនៀ ត្រូវបានទីក្រុងវ៉ាស៉ីនតោនចោទថា មានទំនាក់ទំនងជាមួយលោក តាកវីរៃ និងបានដើរតួនាទីជាអ្នកគ្រប់គ្រងមុខជំនួញផ្សេងៗ របស់ឪពុករបស់លោក ខណៈលោក ម៉ាណានហ្កាវ៉ា ដែលជាឪពុក ក៏ធ្លាប់ទទួលរងទណ្ឌកម្មរបស់អាមេរិក កាលពីឆ្នាំ២០០៣ កំលុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស (George W Bush) ក្រោមការចោទប្រកាន់ថា រូបលោកបំផ្លាញដំណើរការឬស្ថាប័នប្រជាធិបតេយ្យ នៅក្នុង​ប្រទេសស៉ីមបាវ៉េផងដែរ។

ក្រៅពីលោក ម៉ាណានហ្កាវ៉ា ជូនៀ ទីក្រុងវ៉ាស៉ីនតោនបានដាក់ទណ្ឌកម្មទៅលើ ប្រពន្ធលោក តាកវីរៃ គឺលោកស្រី សាន់ដ្រា ម៉ាពូនហ្កា (Sandra Mpunga) ព្រមទាំងនាយកផ្នែកទីផ្សារនិងជាមន្រ្តីផ្នែកទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុន Sakunda គឺលោក នីកូប៊ីល ម៉ាកវីហ្ស៉ី (Nqobile Magwizi) ហើយនិងលោក អូប៊ៃ ជីមូកា (Obey Chimuka) ដែលជាដៃគូជំនួញរបស់លោក តាកវីរៃ។ ក្រុមហ៊ុនចំនួន២របស់លោក ជីមូកា ត្រូវរងទណ្ឌកម្មដូចគ្នា ដោយសារតែការជាប់ទាក់ទងជាមួយលោក តាកវីរៃ និងមុខជំនួញរបស់លោក។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើកើតមានឡើង តែមួយថ្ងៃប៉ុណ្ណោះមុនពេល លោក ចូ បៃដិន ត្រូវដឹកនាំបើកកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិក នៅទីក្រុងវ៉ាស៉ីនតោន ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗដូចជា​ ការប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀង ជាដើម។ មេដឹកនាំអាហ្រ្វិកខ្ទង់៥០នាក់ ត្រូវគេរំពឹងថានឹងចូលរួម។ កិច្ចប្រជុំកំពូលនេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងកាលពីឆ្នាំ២០១៤ កំលុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា៕