(ប៉ារីស)៖ នាថ្ងៃអង្គារនេះ សន្និសីទអន្តរជាតិស្តីពីការគាំទ្រភាពធន់របស់ប្រជាជនអ៊ុយក្រែន បានចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង ជាមួយការថ្លែងសុន្ទរកថាបើកសន្និសីទ ពីសំណាក់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

សន្និសីទខាងលើធ្វើឡើងក្រោមកម្មវត្ថុចម្បង គឺជួយអ៊ុយក្រែនស៊ូទ្រាំអត់ធន់និងស្ថាបនាប្រទេសឡើងវិញ ក្រោយសង្រ្គាមបញ្ចប់ទៅ​ជាមួយរុស្ស៉ី តាមរយៈការកំណត់នូវសេចក្តីត្រូវការជាចាំបាច់របស់ប្រជាជនអ៊ុយក្រែន ហើយរកមធ្យោបាយដើម្បីបំពេញតម្រូវការទាំងនោះ ព្រមទាំងជួយពួកគេងើបឡើងវិញពីសង្រ្គាម។

ការប្រារព្ធសន្និសីទអន្តរជាតិនេះ គឺស្របពេលដែលរដូវរងាបានចូលមកដល់ ហើយស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែនកំពុងតែយ៉ាប់យ៉ឺន។ កំលុងការថ្លែងសុន្ទរកថាបើកសន្និសីទ លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា ការផ្តោតសំខាន់នៃ​កិច្ចប្រជុំអន្តរជាតិនេះ ជាបឋមគឺផ្តល់ជំនួយរយៈពេលខ្លី ដល់ប្រជាជនអ៊ុយក្រែន ខណៈដែលរុស្ស៉ីបន្តសាបព្រួសសេចក្តីភ័យខ្លាច នៅអ៊ុយក្រែន តាមរយៈទង្វើវាយប្រហារដ៏កំសាកទៅលើ ហេដ្ឋារចនាសម្ពន្ធស៉ីវិលរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ចូលរួមថ្លែងសុន្ទរកថា ក្នុងសន្និសីទផងដែរ។

គួរបញ្ជាក់ថា ប្រតិភូមកពី៤៧ប្រទេស ព្រមទាំងអង្គការអន្តរជាតិប្រហែល២០ បានមកចូលរួមសន្និសីទអន្តរចាតិខាងលើ រួមជាមួយ​ក្រុមហ៊ុន​ក៏ដូចជាមូលនិធិវិនិយោគ និងតួអង្គឧស្សាហកម្មរបស់បារាំងផ្ទាល់ប្រហែល៥០០ ដើម្បីកំណត់អាទិភាពបន្ទាន់ៗបំផុត ហើយរួមសហការគ្នា​ក្នុងកិច្ចប្រឹងប្រែងឆ្លើយតបរបស់ពួកគេ៕