(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសលោកនឹងបើកព្រំដែនគោកឡើងវិញទាំងស្រុង ជាមួយប្រទេសកូឡុំប៊ីនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។
លោក ម៉ាឌូរ៉ូ បាននិយាយដូច្នេះថា «យើងនឹងបើកព្រំប្រទល់ភាគខាងលិចរបស់វេណេស៊ុយអេឡា ឡើងវិញទាំងស្រុងជាមួយកូឡុំប៊ី។ ពួកយើងកំពុងត្រៀមគ្រប់បែបយ៉ាង ដើម្បីឱ្យស្របតាមអ្វីដែលយើងបានប្រកាស, ដើម្បីគោរពតាមពាក្យសន្យាជាមួយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ក្រោមគោលដៅបើកព្រំដែន នៅថ្ងៃទី១ ខែមករា»។ វាគឺជាការបញ្ចប់នូវដំណើរការចរចាគ្នា ដែលបានចាប់ផ្តើមកាលពីខែកញ្ញា នៅពេលដែលប្រទេសជិតខាងទាំងពីរ នៃតំបន់អាមេរិកខាងត្បូង បានផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។
គួរបញ្ជាក់ថា ព្រំប្រទល់រវាងវេណេស៊ុយអេឡានិងកូឡុំប៊ី ត្រូវបានបិទខ្ទប់ទាំងស្រុងកាលពី៣ឆ្នាំមុន នៅពេលលោក ម៉ាឌូរ៉ូ បានកាត់ផ្តាច់ចំណងការទូតជាមួយទីក្រុងបូហ្គោតា បន្ទាប់ពីរដ្ឋាភិបាលកូឡុំប៊ីនាពេលនោះ បានដាក់មន្ទិលសង្ស័យមកលើការជាប់ឆ្នោតរបស់លោកនៅអាណត្តិថ្មី។ ភាពស្របច្បាប់នៃការជាប់ឆ្នោតរបស់ លោក ម៉ាឌូរ៉ូ នាពេលនោះ ក៏ស្ថិតក្រោមការចោទសួរ របស់ប្រទេសជាច្រើនផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ចាប់តាំងពីបានឡើងកាន់អំណាច កាលពីខែសីហាមក លោក ហ្គូស្តាវ៉ូ ផេត្រូ បានប្រឹងប្រែងជាខ្លាំង ដើម្បីផ្សះផ្សារទំនាក់ទំនងជាមួយទីក្រុងការ៉ាកាស ហើយជំរុញឱ្យមានការបើកព្រំប្រទល់ទាំងស្រុងឡើងវិញ រវាងប្រទេសទាំងពីរ។ បច្ចុប្បន្នស្ពានឈ្មោះ ស៉ីម៉ុន បូលីវ៉ា (Simon Bolivar Bridge) ដែលតភ្ជាប់ទីក្រុងគូគូតា (Cucuta) របស់កូឡុំប៊ី ជាមួយទីក្រុងសានអាន់តូនីញ៉ូ ឌែលតាឈីរ៉ា (San Antonio del Tachira) របស់វេណេស៊ុយអេឡា គឺបើកសម្រាប់យានយន្តដឹកជំនិញ នៅចន្លោះម៉ោង១០ព្រឹក-៥ល្ងាច ហើយសម្រាប់អ្នកថ្មើរជើងចន្លោះម៉ោង៥ព្រឹក-៦ល្ងាច៕