(តៃប៉ិ)៖ ទីក្រុងតៃប៉ិបានឱ្យដឹងនៅថ្ងៃអង្គារនេះ ចិនបានចល័តយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរច្រើនមិនធ្លាប់មាន គឺរហូតដល់ ១៨គ្រឿងចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់តៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្ត​ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា យន្តហោះយោធាចិនសរុបចំនួន២១គ្រឿង បានហោះចូលមកកាន់ភាគនិរតីនៃតំបន់ ADIZ របស់ខ្លួន កំលុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយក្នុងនោះរួមមានទាំងយន្តហោះ ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរធុន H-6 ចំនួន១៨គ្រឿង។ វាជាការចល័តយន្តហោះ H-6 ចំនួនច្រើនបំផុតក្នុងរយៈពេល១ថ្ងៃ គិតចាប់តាំងពីទីក្រុងតៃប៉ិ ចាប់ផ្តើមបញ្ចេញ​ទិន្នន័យប្រចាំថ្ងៃស្តីពីបញ្ហានេះ កាលពីខែកញ្ញា ឆ្នាំ២០២០មក។

យន្តហោះ H-6 គឺជាយន្តហោះទម្លាក់គ្រាប់បែកស្នូលរបស់យោធាចិន។ ជាធម្មតា ចិនកម្រនឹងបញ្ជូនយន្តហោះ H-6 លើស៥គ្រឿង ក្នុងរយៈពេល១ថ្ងៃណាស់ ប៉ុន្តែវាបានកើន​ឡើងគួរឱ្យកត់សម្គាល់ នៅមួយរយៈចុងក្រោយនេះ។ ពេញមួយខែវិច្ឆិកាកន្លងទៅ ចិនបានបញ្ជូនយន្តហោះ H-6 សរុប២១គ្រឿងឱ្យហោះចូលតំបន់ ADIZ របស់តៃវ៉ាន់។ រីឯសម្រាប់ខែធ្នូនេះវិញ គឺតួលេខស្ថិតនៅចំនួន២៣គ្រឿង រួចស្រេចទៅហើយ ខណៈទើបតែជិតពាក់កណ្តាលខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនសុទ្ធតែមានតំបន់ ADIZ រៀងៗខ្លួន រួមទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងចិន ហើយវាខុសគ្នា​ពីតំបន់ដែនអាកាសអធិបតេយ្យ។ តំបន់ ADIZ លាតសន្ធឹងហួសពីតំបន់ដែនអាកាស ដើម្បីឱ្យយន្តហោះបរទេសដែលចូលមកក្នុង​តំបន់នេះ អាចប្រកាសពីអត្តសញ្ញាណរបស់ខ្លួនប្រាប់ដល់ អាជ្ញាធរអាកាសចរណ៍ប្រចាំតំបន់។ សម្រាប់តំបន់ ADIZ របស់តៃវ៉ាន់ គឺមានទំហំ​ធំឆ្ងាយជាង ដែនអាកាសផ្ទាល់របស់តៃវ៉ាន់ ហើយនៅកន្លែងខ្លះវាជាន់គ្នាជាមួយតំបន់ ADIZ របស់ចិន ហើយថែមទាំងរាប់បញ្ចូល​ដែនអាកាសរបស់ចិន តែម្តងទៀតផង៕