(ញូដេលី)៖ ទាហានឥណ្ឌា និងទាហានចិន បានប្រឈមមុខដាក់គ្នាសាជាថ្មីក្នុងជម្លោះមួយ តាមបណ្តោយព្រំប្រទល់ដែននៃភ្នំ Himalayas ហិម៉ាល័យ ដោយធ្វើឱ្យមានមនុស្សរងរបួសខ្លះទាំងសងខាង។ ការប្រឈមមុខដាក់គ្នាជាមួយការប្រើអំពើហិង្សាទៅវិញទៅមកនេះ មិនមែនទើបជាលើកទី១ នោះទេ។ តើហេតុអ្វីបានជាទាហាននៃប្រទេសទាំង២តែងតែប្រឈមមុខដាក់គ្នាយ៉ាងនេះ?

សេចក្តីរាយការណ៍អាអេហ្វប៉េ បានបញ្ជាក់ថា ជម្លោះប្រឈមមុខដាក់គ្នានេះបានកើតឡើងសាជាថ្មីកាលពីសប្តាហ៍មុន ក្រោយការធ្លាប់ប៉ះទង្គិចគ្នាចុងក្រោយមួយក្នុងហេតុការណ៍មួយ កាលពីខែមិថុនា ឆ្នាំ២០២០ ដែលកាលនោះមានទាហានឥណ្ឌា ២០នាក់បានស្លាប់ និងមានទាហានចិន ៤នាក់បានបាត់បង់ជីវិត។ ទំនាក់ទំនងរវាងចិន និងឥណ្ឌា ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរក្នុងទ្វីបអាស៊ីនេះ មិនសូវមានរូបភាពល្អប្រសើរដាក់គ្នានោះឡើយ ចាប់តាំងពីមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែននោះមក។

*តើប្រទេសចិន និងឥណ្ឌា ជាប្រទេសនៃមិត្តភាពរវាងគ្នាដែរឬទេ?

ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលមានព្រំដែនរួមគ្នា ប្រវែង៣,៤៨៨គីឡូម៉ែត្រ ប៉ុន្តែព្រំដែននៃប្រទេសទាំង២ មិនទាន់ក្លាយជាព្រំដែនសន្តិភាពរវាងគ្នានិងគ្នានោះឡើយ បើទោះបីមានរូបភាពថ្នាក់ដឹកនាំនយោបាយកំពូលរវាងប្រទេសទាំង២ ធ្លាប់បានចាប់ដៃគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ នៅក្នុងកិច្ចប្រជុំ G20 ក្នុងប្រទេសឥណ្ឌូណេស៊ីនោះក៏ដោយ។ ទឹកដីនៃរដ្ឋធំៗរបសឥណ្ឌាយ៉ាងហោចមួយចំនួន ជាខេត្តដែលជាប់នឹងព្រំដែនរបស់ចិន ដែលរួមមានរដ្ឋ Jammu-Kashmir រដ្ឋ Sikkim រដ្ឋឧទ្ទរៈខាន់ (Uttarakhand) រដ្ឋហ៊ីម៉ាឆាល ប្រាដេស្ហ (Himachal Pradesh) និងរដ្ឋ Arunachal Pradesh។ ហេតុការណ៍ប្រឈមមុខដាក់គ្នាក្នុងព្រឹត្តិការណ៍ថ្មីៗនេះ បានកើតឡើងរវាងរដ្ឋ Arunachal Pradesh ដែលជាប់នឹងតំបន់ស្វ័យ័តទីបេ នៃប្រទេសចិន។

ប្រទេសចិន និងឥណ្ឌា បានធ្វើសង្គ្រាមលើជម្លោះព្រំដែនរវាងគ្នាទៅវិញទៅមកនៅក្នុងឆ្នាំ ១៩៦២។ ផ្លូវពិតប្រាកដនៃព្រំដែនដែលខ្លះមានកម្ពស់ជាង ៤ពាន់ម៉ែត្រពីកម្ពស់នីវ៉ូទឹកសមុទ្រ មិនដែលត្រូវបានគេកំណត់ព្រំដែនពិតប្រាកដនោះឡើយ។ ជម្លោះទឹកដីរវាងប្រទេសទាំង២ តែងកើតមាននិងបានបង្កគ្រោះដល់ភាគីទាំងសងខាង។ សេចក្តីរាយការណ៍បានបង្ហាញថា ទំនាស់ថ្មីរវាងទាហានឥណ្ឌា និងទាហានចិនចុងក្រោយនេះ បានកើតឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដែលកើតឡើងក្រោយសមយុទ្ធយោធារួមគ្នារវាងឥណ្ឌា និងសហរដ្ឋអាមេរិក នៅក្បែរតំបន់ព្រំដែន។ ជម្លោះរវាងទាហាននៃប្រទេសទាំង២ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មិនមានករណីស្លាប់មនុស្សទេប៉ុន្តែមានអ្នករងរបួសខ្លះ។ សេចក្តីរាយការណ៍បង្ហាញថា មានទាហានឥណ្ឌា៦នាក់បានរងរបួស ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ការរងរបួសពីភាគីចិនឡើយ។

សេចក្តីរាយការណ៍ AFP ដែលដកស្រង់ប្រភពពីមន្ត្រីយោធាឥណ្ឌាបាននិយាយថា មានទាហានចិនបានចូលមកជិតតំបន់ក្បែរខ្សែបន្ទាត់ Line of Actual Control ឬខ្សែនៃការត្រួតពិនិត្យពិតប្រាកដ ដែលជាខ្សែនៃចំណុចព្រំដែនបច្ចុប្បន្ន។ មន្ត្រីយោធាបាននិយាយថាយោងតាមកិច្ច ព្រមព្រៀងរវាងឥណ្ឌានិងចិននោះ គឺ គេមិនអនុញ្ញាតឱ្យភាគីណាមួយធ្វើការល្បាត ក្នុងចំណុចដែលហាមឃាត់នោះឡើយ។ ទាហានឥណ្ឌា បានរករឿងដាក់លើទាហានចិននាពេលនោះ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយការប៉ះទង្គិចគ្នានោះមក ភាគីទាំងសងខាង បានប្រញាប់រំសាយកម្លាំងរៀងៗខ្លួនចាកចេញពីទីនោះភ្លាម។ សេចក្តីរាយការណ៍បានបន្តថា មេបញ្ជាការឥណ្ឌាក្រោយមកបានធ្វើកិច្ចប្រជុំមួយជាមួយមេបញ្ជាការចិន ដើម្បីពិភាក្សាបញ្ហាយោងទៅតាមយន្តការរៀបចំដើម្បីការស្តារសន្តិភាព និងភាពស្ងៀមស្ងាត់។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើតឡើងក្នុងតំបន់ Tawang ដែលឥណ្ឌាបានចាត់ទុកថា ជាទឹកដីនៃរដ្ឋភាគឥសានរបស់ខ្លួននៃរដ្ឋ Arunnachal Pradesh ប៉ុន្តែប្រទេសចិន បានចាត់ទុកថាជាទឹកដីនៃតំបន់ទីបេខាងត្បូង (South Tibet)។

ក្រុមផ្សព្វផ្សាយរបស់ឥណ្ឌា បានរាយការណ៍ថា ហេតុការណ៍ដែលបានកើតឡើងនោះ បានជាប់ពាក់ព័ន្ធនឹងទាហានចិនប្រមាណ៣០០នាក់។ សារព័ត៌មានឥណ្ឌានិយាយថា ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ មានទាហានចិនជាច្រើនបានរងរបួស។ ប៉ុន្តែប្រទេសចិនមិនមានការធ្វើអត្ថាធិប្បាយណាមួយឡើយ។ ចាប់តាំងពីការប្រយុទ្ធគ្នាដោយការប្រើដៃនិងដៃ ក្នុងព្រឹត្តិការណ៍ខែមិថុនា ឆ្នាំ២០២០ ដែលមានទាហានឥណ្ឌាស្លាប់ ២០នាក់ និងមានទាហានចិនបានស្លាប់ ៤នាក់នោះមក ភាគីទាំងពីរបានបញ្ជូនទាហានរាប់ពាន់នាក់រៀងៗខ្លួន ទៅពង្រឹងនៅតំបន់ព្រំដែន។ ការចរចាជាច្រើនលើកត្រូវបានបរាជ័យ ដោយមិនអាចបន្ធូរបន្ថយភាពតានតឹងប្រឈមមុខដាក់គ្នាបានឡើយ។ ប្រភពយោធាឥណ្ឌាបាននិយាយថា ទាហានចិននិងឥណ្ឌាធ្លាប់មាន "ការប្រឈមមុខដាក់គ្នា" ផងដែរក្នុងសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុង Demchok នៃតំបន់ Ladakh នៃភាគខាងជើងប្រទេសថែមទៀត។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីករណីរងរបួសពីភាគីណាមួយនោះឡើយ។

ព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នាចុងក្រោយនេះ ត្រូវគេរាយការណ៍ថាបានកើតឡើងបន្ទាប់ពីមានសមយុទ្ធយោធារួមរវាងឥណ្ឌា និងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋឧទ្ទរៈខាន់Uttarakhand ដែលស្ថិតជាប់នឹងព្រំដែនរបស់ចិន ដែលសមយុទ្ធនោះត្រូវគេរាយការណ៍ថាបានបង្កឱ្យប្រទេសចិនមានការក្តៅក្រហាយជាខ្លាំង។ ប្រភពយោធាឥណ្ឌាបានបន្តថា ទាហានចិនពេលនោះបានបង្ហាញបដាមួយ ដែលសរសេរប្រឆាំងនឹងការធ្វើសមយុទ្ធយោធារវាងទាហានឥណ្ឌា និងសហរដ្ឋអាមេរិកនោះថែមទៀត។

មុនការប៉ះទង្គិចគ្នាខែមិថុនា ឆ្នាំ២០២០ ប្រទេសឥណ្ឌាត្រូវគេឃើញថាហាក់បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន រំកិលទៅរកលោកខាងលិចហើយដោយសារតែបារម្ភពីឥទ្ធិពលនៃប្រទេស ចិន។ ឥណ្ឌាបានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌាថែមទាំងចូលរួមក្នុងសម្ព័ន្ធភាព QUAD ថែមទៀត ដោយសារតែក្តីបារម្ភរបស់ខ្លួន នៅពេលឃើញឥទ្ធិពលចិនកាន់តែកើនឡើងជាលំដាប់នោះ។ ឥណ្ឌាដែលចង់ប្រជែងនឹងឥទ្ធិពលរបស់ចិន បានចាប់ផ្តើមការធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលមានតម្លៃ ១៣០ពាន់លានដុល្លារ រួមទាំងការបញ្ជាទិញឧទ្ធម្ភាគចក្រវាយប្រហារពីសហរដ្ឋអាមេរិក និងបានទិញប្រព័ន្ធការពារមីស៊ីលពីប្រទេសរុស្ស៊ីផងដែរ។

បន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងខែមិថុនា ឆ្នាំ2020 នោះមក ប្រទេសឥណ្ឌាបានហាមឃាត់កម្មវិធីទូរស័ព្ទរាប់រយ ដែលមានដើមកំណើតមកពីប្រទេសចិនមិនឱ្យចូលឥណ្ឌា និងថែមទាំងបានហាមឃាត់មិនឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ប្រើប្រាស់ថែមទៀត នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការក្នុងប្រទេសឥណ្ឌា រួមទាំងក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi និង Huawei ធ្លាប់ត្រូវបានឆ្មក់ចូលដោយអាជ្ញាធរពន្ធដារថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មទ្វេភាគីនៅតែមានក្នុងរង្វង់ប្រមាណ 100ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយឥណ្ឌាបានធ្វើការនាំចូលពីប្រទេសចិនច្រើនជាងការនាំចេញរបស់ឥណ្ឌា ចូលក្នុងទីផ្សាររបស់ប្រទេសចិន៕