(ប៉េកាំង)៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ២០២២ ដែលទទួលការចាប់អារម្មណ៍យ៉ាងទួលំទូលាយពីសំណាក់ អ្នកចូលចិត្តកីឡាបាល់ទាត់នឹងធ្វើឡើងនៅសប្តាហ៍នេះ។

ប្រព័ន្ធសារព័ត៌មានមួយចំនួនបានធ្វើការអត្ថាធិប្បាយថា ទីបំផុត ប្រព័ន្ធសារព័ត៌មានលោកខាងលិច បានផ្តោតសំខាន់ទៅលើការប្រកួតហើយ។ ប្រាកដណាស់ ក្នុងរយៈពេលជាងកន្លះខែមក ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដូចជាប្រព័ន្ធសារព័ត៌មាន CNN និងកាសែត «The Washington Post» របស់អាមេរិកជាដើមបានចោទជាមន្ទិលសង្ស័យជាបន្តបន្ទាប់ ចំពោះអ្វីដែលហៅថា បញ្ហាពលកររបស់ប្រទេសកាតា ចំណែកក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC បានបដិសេធមិនព្រមផ្សាយបន្តផ្ទាល់ ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា។ល។

ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងនេះ ដែលតែងតែឃោសនាបំប៉ាងពីអ្វីដែលហៅថា «សត្យានុម័តនិងអព្យាក្រឹត» មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពរបស់កាតាក្នុងការរៀបចំការប្រកួតបាល់ទាត់ពានពិភពលោក ក៏ដូចជាមិនអើពើនឹងកម្លាំងសាមគ្គីគ្នានិងខិតខំប្រឹងប្រែង ដែលនាំមកដោយកីឡាបាល់ទាត់ក្នុងបរិបទ ដែលស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់។ ផ្ទុយទៅវិញ ពួកគេកាន់ដំបងធំដែលធ្វើឱ្យកិច្ចការកីឡាទៅជាបញ្ហានយោបាយ ហើយបានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹង អ្នកចូលចិត្តកីឡាទូទាំងពិភពលោក។

សូមបញ្ជាក់ថា កាតាគឺជាប្រទេសអារ៉ាប់ដំបូងគេបង្អស់ ដែលរៀបចំការប្រកួតកីឡាបាល់ទាត់ពានពិភពលោក។ យ៉ាងណាមិញ ចាប់តាំងពីខណៈពេលដែលស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកមក កាតាក៏បានទទួលរងការរិះគន់ ដោយគ្មានហេតុផលពីលោកខាងលិច។ ទោះបីជារដ្ឋាភិបាលកាតា បានធ្វើការបំភ្លឺការពិតជាច្រើនលើកក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន នៅតែធ្វើដូចជាមិនឮមិនឃើញដដែល។

គួររំលឹកថា ក្នុងប្រវត្តិសាស្ត្រកីឡាពិភពលោក ឧទាហរណ៍ស្រដៀងគ្នាបែបនេះមិនមែនកម្រមាននោះទេ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា។ល។ ការសម្តែងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចគឺស្ទើរតែដូចគ្នា នៅពីក្រោយពួកគេគឺទស្សនៈលំអៀងខាងមនោគមវិជ្ជា និងការរើសអើងពូជសាសន៍ចំពោះពិភពមិនមែនលោកខាងលិច ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ខ្លួន ជាយូរណាស់មកហើយ។

លោក Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបានថ្កោលទោសថា ការរិះគន់របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចគឺជា «ការលាក់ពុត»។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេង MSNBC របស់អាមេរិកបានចេញផ្សាយអត្ថបទថា បើនិយាយចំពោះលោកខាងលិច ការដែលមិនអាចទទួលយកភាពខ្លាំងក្លា របស់ជនជាតិផ្សេងទៀតគឺជារឿងគួរឱ្យសង្វេគ ហើយក៏ជាសញ្ញាកត់សម្គាល់ថា ខ្លួនបានដើរទៅកាន់ភាពថមថយចុះផងដែរ។

អ្នកផងទាំងពួងចង់សួរថា ប្រសិនបើសហរដ្ឋអាមេរិកនិងលោកខាងលិច យកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះសិទ្ធិមនុស្ស ដូចជាសិទ្ធិនិងផលប្រយោជន៍របស់ពលករជាដើម នៃប្រទេសអារ៉ាប់នោះ ហេតុអ្វីបានជាពួកគេបានបំផុសសង្គ្រាម និងបង្កគ្រោះមហន្តរាយខាងមនុស្សធម៌យ៉ាងខ្លាំង នៅតំបន់មជ្ឈិមបូព៌ាជាបន្យបន្ទាប់? សូមយកសង្គ្រាមអ៊ីរ៉ាក់ធ្វើជាឧទាហរណ៍ តាមស្ថិតិឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១ សង្រ្គាមអ៊ីរ៉ាក់បានបណ្តាលឱ្យជនសាមញ្ញប្រហែល ២០ ម៉ឺន ៩ ពាន់នាក់ស្លាប់បាត់បង់ជីវិត ហើយប្រជាជនអ៊ីរ៉ាក់ចំនួន៩២០ ម៉ឺននាក់បានធ្លាក់ខ្លួនទៅជាជនភៀសខ្លួន ឬត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ខ្លួន។

គួរបញ្ជាក់ថា ការដែលប្រទេសកាតារៀបចំដោយជោគជ័យ នូវការប្រកួតកីឡាលំដាប់កំពូលរបស់ពិភពលោកលើកនេះ បាននាំមកនូវភាពសប្បាយរីករាយ និងភាពអស្ចារ្យជូនដល់ពិភពលោកទាំងមូល ប្រការនេះជាសមិទ្ធផលដ៏អស្ចារ្យមួយ។ ជាងនេះទៅទៀត ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា បានធ្វើឱ្យពិភពលោកអាចមើលឃើញ ប្រទេសអារ៉ាប់ដ៏ពិតប្រាកដនិងសម្បូរបែប ក៏ដូចជាបានបំពេញបន្ថែមថាមពលវិជ្ជមាន ដល់ពិភពលោកនាពេលបច្ចុប្បន្នដែលពោរពេញ ទៅដោយភាពមិនប្រាកដប្រជា។

សូមឲ្យបញ្ហាកីឡាត្រឡប់ទៅរកក្របខណ្ឌកីឡាវិញ ការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតា មិនស្វាគមន៍ «អ្នកគាំពារសិទ្ធិមនុស្ស» លោកខាងលិចទេ។ រាល់សំឡេងរំខាននិងឧបសគ្គនឹងមិនរារាំង ដល់កម្លាំងទាក់ទាញនៃកីឡាបាល់ទាត់នោះទេ ហើយមុខជានឹងផ្ទុយពីគោលបំណងរបស់ពួកគេ និងទទួលបរាជ័យទាំងស្រុងជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន