(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល (Denys Shmyhal) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអ៊ុយក្រែនត្រូវការជំនួយយ៉ាងឆាប់រហ័សសរុបចំនួន ១ពាន់លានដុល្លារ ដើម្បីបញ្ជូនបណ្តាញអគ្គិសនី និងប្រព័ន្ធកំដៅឲ្យត្រឡប់ទៅដំណើរការធម្មតាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ លោក ស៉្មីហែល បានថ្លែងថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតរហូតដល់ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។ ហើយការងារស្តារឡើងវិញត្រូវបែងចែកជា ៣ដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិតរបស់ប្រជាជន ដោយស្តាររចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឱ្យបានឆាប់រហ័សដើម្បីឆ្លងផុតរដូវរងា។

លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានគូសបញ្ជាក់ថា «ការចំណាយប្រហាក់ប្រហែលនៃជំនួយបន្ទាន់សម្រាប់វិស័យថាមពលមានចំនួន ៥០០លានដុល្លារ។ រីឯ ការចំណាយប្រហាក់ប្រហែលនៃជំនួយបន្ទាន់សម្រាប់ការផ្គត់ផ្គង់កំដៅគឺមានចំនួន ៥០០លានដុល្លារបន្ថែមទៀត»។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលាមក រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍៕