(មូស្គូ)៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនធ្វើសន្និសីទសារព័ត៌មានមុនដំណាច់ឆ្នាំ ជាមួយអ្នកសារព័ត៌មាន នោះទេ ហើយដែលនេះជាការលុបចោលលើកដំបូងបំផុតក្នុងរយៈពេល១០ឆ្នាំ ខណៈសង្រ្គាមនៅអ៊ុយក្រែន ជិតចូលដល់ខែទី១០។ នេះបើយោងតាមការដកស្រង់ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថានឹងមិនមានសន្និសីទសារព័ត៌មាន មុនចូលឆ្នាំថ្មី នោះទេ ប៉ុន្តែបានកត់សម្គាល់ថា លោក ពូទីន នៅតែថ្លែងសុន្ទរកថាជាទៀងទាត់ទៅកាន់សារព័ត៌មាន និងជូនដំណឹងពីដំណើរទស្សនកិច្ចបរទេស។

យ៉ាងនេះក្តី លោក ប៉េសកូវ មិនបានផ្តល់ហេតុផលសម្រាប់ការមិនរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាធម្មតាមានរយៈពេលជាច្រើនម៉ោងនោះទេ ស្របពេល ក្រុមអ្នកជំនាញខ្លះចាត់ទុកថាការលុបចោលសន្និសីទនេះ គឺដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន ដែលកាន់អំណាចតាំងពីឆ្នាំ២០០០ តែងតែធ្វើសន្និសីទសារព័ត៌មានរៀងរាល់ខែធ្នូ ដែលជាព្រឹត្តិការណ៍មួយលើកមុខមាត់របស់លោក នៅលើទូរទស្សន៍រដ្ឋ។ នៅ២០២២ឆ្នាំនេះ គឺជាលើកទីមួយហើយក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលលោក ពូទីន មិនប្រារព្ធព្រឹត្តិការណ៍ខែធ្នូ ដែលជាឱកាសដ៏កម្រមួយសម្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានក្រឹមឡាំង រួមទាំងអ្នកកាសែតអន្តរជាតិ ដើម្បីសួរសំណួរទៅកាន់ប្រធានាធិបតីរុស្ស៊ី ដោយផ្ទាល់៕