(ស៊ីដនី)៖ អាជ្ញាធរនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបាននិយាយថាមនុស្ស ៦នាក់ ក្នុងនោះមានប៉ូលិស ២នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះអាវុធ នៅឯតំបន់ជនបទមួយនៃរដ្ឋ Queensland បន្ទាប់ពីប៉ូលិសធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតពីសេចក្ដីរាយការណ៍ថាមានមនុស្សម្នាក់ បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

បើតាមព័ត៌មានបឋម មន្ត្រីប៉ូលិសរងការបាញ់ប្រហារពីជនដៃដល់ ២នាក់ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលដើរចូលតម្រង់ទៅរកផ្ទះមួយក្នុងតំបន់ វៀមប៊ីយ៉ា (Wieambilla) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងប្រ៊ីសបែន (Brisbane) នៃរដ្ឋឃ្វីនស្លែន (Queensland)។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានចាត់ទុកថាហេតុការណ៍ខាងលើជារឿងដ៏រន្ធត់ និងបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត។ ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕