(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាល្លឺម៉ង់ និងរុស្ស៉ី អាចនឹងកើតមានឡើងជាថ្មី ប្រសិនបើវិមានក្រឹមឡាំងបិទបញ្ចប់សង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

លោក អូឡាហ្វ សូលស៍ ធ្វើការកត់សម្គាល់ខាងលើ ប្រាប់គណៈកម្មាធិការអាល្លឺម៉ង់ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចតំបន់អឺរ៉ុបខាងកើត និងចង់សំដៅទៅលើ ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៉ី ដែលបានបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងវិនិយោគនៃប្រទេសទាំង២។ ថ្លែងនាឱកាសនោះ អធិការបតីអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «នៅខណៈពេលនេះ យើងបាន និងកំពុងកាត់បន្ថយទំនាក់ទំនង....ក៏ប៉ុន្តែប្រសិនបើរុស្ស៉ីបិទបញ្ចប់សង្រ្គាម នោះវានឹងផ្ដល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសាជាថ្មី»

គួរបញ្ជាក់ថា លោក អូឡាហ្វ សូលស៍ ក៏ធ្លាប់បានលើកឡើងដែរថាលោកខាងលិច នឹងមិនដកទណ្ឌកម្មពីរុស្ស៉ីឡើយ ជាការឆ្លើយតបទៅនឹងការឈ្លានពាន អ៊ុយក្រែន រហូតទាល់តែទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែន និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងកៀវ៕