(ហ្សាការតា)៖ ក្រសួងការបរទេសឥណ្ឌូណេស៉ីបានឱ្យដឹងថា នៅថ្ងៃចន្ទនេះទីក្រុងហ្សាការតាបានកោះហៅ មន្រ្តីម្នាក់របស់​អង្គការសហប្រជាជាតិ (UN) ឱ្យចូលខ្លួនផ្តល់ការបកស្រាយ បន្ទាប់ពីស្ថាប័នកំពូលអន្តរជាតិមួយនេះ បានបង្ហាញក្តីបារម្ភជុំវិញ ការគំរាមកំហែងចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលអាចបង្កឡើងដោយសារការធ្វើកំណែទម្រង់នាពេលថ្មីៗនេះ ទៅលើក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

កាលពីសប្តាហ៍មុន សភាជាតិឥណ្ឌូណេស៉ីបានអនុម័តជាផ្លូវការ នូវកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ដែលក្នុងនោះរួមមាន ការហាមឃាត់ការរួមភេទក្រៅចំណងអាពាហ៍ពិពាហ៍ និងការរស់ជាមួយគ្នារវាងអ្នកដែលមិនបានរៀបការត្រឹមត្រូវជាដើម ព្រមទាំង​ការកែប្រែដែលមានភាពចម្រូងចម្រាសដទៃៗទៀត។ ក្រុមមន្រ្តីឥណ្ឌូណេស៉ីបានអះអាងថា ការកែសម្រួលច្បាប់ព្រហ្មទណ្ឌនេះ មានគោលដៅរក្សាឱ្យបាននូវ «គុណតម្លៃរបសឥណ្ឌូណេស៉ី» នៅក្នុងប្រទេសដែលមានជនមូស្លីមភាគច្រើនដ៏ធំមួយនេះ។

អង្គការសហប្រជាជាតិ បានចេញមុខលើកឡើងថា ក្រមព្រហ្មទណ្ឌកម្មដែលត្រូវបានកែប្រែថ្មីនោះ អាចបង្កឱ្យមានការធ្លាក់ចុះខ្លាំង ​នៃសេរីភាពសារព័ត៌មាន ក៏ដូចជាសិទ្ធិឯកជនភាពនិងសិទ្ធិមនុស្ស នៅក្នុងប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ លើពិភពលោក​មួយនេះ។

គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី ក្រសួងបានកោះហៅមន្រ្តីសម្របសម្រួលម្នាក់របស់ UN នៅរដ្ឋធានីហ្សាការតា ជុំវិញការធ្វើអត្ថាធិប្បាយរបស់អង្គការសហប្រជាជាតិ ដោយលើកឡើងថា UN គួរតែពិគ្រោះយោបល់​ជាមួយរដ្ឋាភិបាលឥណ្ឌូណេស៉ីសិន មុនពេលបញ្ចេញទស្សនៈយល់ខុសរបស់ខ្លួន ជាសាធារណៈបែបនេះ៕