(គូឡាឡំាពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា លោកមិនដែលផ្តល់ការធានាដល់នរណាម្នាក់ថា លោកនឹងជួយដោះស្រាយរឿងក្តីតុលាការរបស់ពួកគេនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងចេញពីគេហដ្ឋានផ្លូវការកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំ​មិន​ដែល​ផ្តល់​ការ​ធានា​ដល់​អ្នក​ណា​ដែល​ថា​ពួកគេ​នឹង​ត្រូវ​បាន ​ដោះលែង​ពី​ការ​ផ្ដន្ទាទោស​នោះ​ទេ លុះ​ត្រា​តែ​សម្រេច​ដោយ​ចៅក្រម​ដោយ​សេរីភាព និង​យុត្តិធម៌»

លោក អាន់វ៉ា បានបន្ថែមថា លោកនឹងធានាឱ្យអង្គភាពនានាដូចជាអង្គជំនុំជម្រះនៃអគ្គមេធាវី និងគណៈកម្មាធិការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) មានតម្លាភាពក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ ក្រៅពីការពិតដែលថាគ្មាននរណាម្នាក់ អាចគេចផុតពីការផ្តន្ទាទោសដែលធ្វើឡើងដោយតុលាការនោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក អាន់វ៉ា បានប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបានតែងតាំងប្រធានគណបក្ស UMNO លោក អាម៉េដ ហ្សាហ៉ីត ហាមីនី (Ahmad Zahid Hamidi) ជាឧបនាយករដ្ឋមន្រ្តី ខណៈលោក ហាមីនី កំពុង​ស្ថិត​ក្នុង​រឿងក្តីពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ចំនួន៤៧ ពី​បទ​រំលោភ​បំពាន អំពើ​ពុក​រលួយ និង​ការ​លាង​លុយ​កខ្វក់៕