(អ៉ីស្លាម៉ាបាដ)៖ មន្ត្រីព្រំដែនបានឲ្យដឹងថា ជនស៊ីវិលប៉ាគីស្ថាន ៦នាក់ និងទាហានអាហ្វហ្កានីស្ថានម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងការបាញ់ផ្លោង និងការបាញ់ប្រហារឆ្លងព្រំដែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

កងទ័ពប៉ាគីស្ថានបាននិយាយថា កងកម្លាំងព្រំដែនអាហ្វហ្កានីស្ថាន បានបើកការបាញ់អាវុធធុនធ្ងន់ ដោយមិនញញើតនិងមិនរើសអើង រួមទាំងកាំភ្លើងធំ កាំភ្លើងត្បាល់ ទៅលើប្រជាជនស៊ីវិលនៅឯច្រកព្រំដែនឆាម៉ាន់ (Chaman) ដែលតភ្ជាប់ខេត្តបាឡូឈីស្តាន (Balochistan) ភាគខាងលិចរបស់ប្រទេសប៉ាគីស្ថាន ជាមួយខេត្តកាន់ដាហា (Kandahar) ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។ ជនស៊ីវិល ៦នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតបានរងរបួស នៅខាងប៉ាគីស្ថាន ដោយសារការបាញ់ប្រហាររបស់អាហ្វហ្កានីស្ថាន ដែលនាំឱ្យទាហានប៉ាគីស្ថានធ្វើការសងសឹកវិញ។

ប្រភពពីសន្តិសុខអាហ្វហ្គានីស្ថានបាននិយាយថា ការប៉ះទង្គិចគ្នាបានចាប់ផ្តើមបន្ទាប់ពី កងកម្លាំងប៉ាគីស្ថានទាមទារឱ្យ កងកម្លាំងអាហ្វហ្កានីស្ថាន ឈប់សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅម្ខាងព្រំដែនរបស់ពួកគេ។ អ្នកនាំពាក្យប៉ូលិសខេត្តកាន់ដាហា លោក ហារីហ្វ សាប៊ឺ (Hafiz Saber) បាននិយាយថា ទាហានអាហ្វហ្កានីស្ថានម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ១០ នាក់ផ្សេងទៀត រួមទាំងជនស៊ីវិល ៣នាក់រងរបួស៕