(លីម៉ា)៖ ប្រធានាធិបតីប៉េរូថ្មីគឺ លោកស្រី ឌីណា បូលូអាត (Dina Boluarte) បានប្រកាសនៅថ្ងៃចន្ទនេះថា លោកស្រីនឹងដាក់សំណើទៅកាន់សភាជាតិ ដើម្បីរៀបចំឱ្យមានការបោះឆ្នោតសកល នៅខែមេសា ឆ្នាំ២០២៤ ដែលនឹងលឿនជាងពេលកំណត់២ឆ្នាំ ចំពោះមុខភាពតានតឹង ក្នុងប្រទេសនៃតំបន់អាមេរិកខាងត្បូងមួយនេះ ក្រោយការទម្លាក់ប្រធានាធិបតីមុនគឺ លោក ប៉េដ្រូ កាស្ទីឡូ (Pedro Castillo) ពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។
លោកស្រី បូលូអាត ទើបតែបានស្បថចូលកាន់តំណែងកាលពីខែសប្តាហ៍មុន បន្ទាប់ពីលោក កាស្ទីឡូ ត្រូវបានសភាបោះឆ្នោតទម្លាក់ និងចាប់ខ្លួនសម្រាប់ការព្យាយាមរំលាយសភា ក្រោមគោលបំណងរារាំងការបោះឆ្នោត ដែលសំដៅបណ្តេញរូបលោកពីអំណាច។ ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ ប្រធានាធិបតីប៉េរូថ្មីរូបនេះ បាននិយាយដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថា នឹងដាក់សេចក្តីព្រាងមួយ ក្នុងពេលប៉ុន្មានថ្ងៃទៀត ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយសភា ក្រោមគោលដៅលើកការបោះឆ្នោតសកល មកកាន់ខែមេសា ឆ្នាំ២០២៤»។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់លោកស្រី បូលូអាត កើតមានឡើង បន្ទាប់ពីមនុស្ស២នាក់បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតបានរងរបួសនៅប៉េរូកាលពីថ្ងៃអាទិត្យ កំលុងបាតុកម្មដែលទាមទារឱ្យប្រទេសពួកគេ រៀបចំការបោះឆ្នោតសកលឱ្យបានឆាប់ ក្រោយលោក កាស្ទីឡូ ត្រូវបានទម្លាក់ពីអំណាច។ ក្រុមអ្នកតវ៉ា ដែលភាគច្រើនជាអ្នកគាំទ្រលោក កាស្ទីឡូ ផ្ទាល់ បានទាមទារជាច្រើនថ្ងៃមកហើយថា ប៉េរូត្រូវតែរៀបចំការបោះឆ្នោតសកលថ្មី ជាជាងអនុញ្ញាតឱ្យលោកស្រី បូលូអាត កាន់តំណែងរហូតដល់ឆ្នាំ២០២៦ ដែលជាពេលអាណត្តិរបស់លោក កាស្ទីឡូ ត្រូវបញ្ចប់៕