(សិង្ហបុរី)៖ មន្រ្តីអាមេរិកម្នាក់បានបង្ហើបឱ្យដឹងនៅថ្ងៃចន្ទនេះថា រុស្ស៉ីនឹងទទួលបានការអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំផ្សេងៗរបស់ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ APEC ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសសិង្ហបុរី មន្រ្តីជាន់ខ្ពស់អាមេរិកខាងលើ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការ APEC គឺលោក ម៉ាត មូរេ (Matt Murray) បាននិយាយថា ក្នុងនាមជាម្ចាស់ផ្ទះល្អសម្រាប់កិច្ចប្រជុំ APEC សហរដ្ឋអាមេរិកនឹងអញ្ជើញរុស្ស៉ី ដ្បិតរុស្ស៉ីក៏ជាសមាជិកមួយដែរ នៃប្លុកដែលមាន២១ប្រទេសនេះ។
កំលុងកិច្ចប្រជុំមួយរបស់ APEC ដែលរៀបចំឡើងនៅប្រទេសថៃ កាលពីខែឧសភា ក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិក រួមទាំងប្រទេសមួយចំនួនទៀតបាននាំគ្នាដើរចេញ នៅពេលរដ្ឋមន្រ្តីសេដ្ឋកិច្ចរុស្ស៉ីដល់វេនថ្លែងសុន្ទរកថា ដើម្បីសម្តែងការតវ៉ាចំពោះទង្វើរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏មិនបានមកចូលរួមកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនាំក្រុមប្រទេស G20 នៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី កាលពីឆ្នាំមុនផងដែរ បើទោះបីជាមានការអញ្ជើញពីទីក្រុងហ្សាការតា ដែលជាម្ចាស់ផ្ទះក៏ដោយ។ លោក មូរេ មិនបាននិយាយទេថា តើលោក ពូទីន នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ APEC ឆ្នាំក្រោយ នៅឯទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ ដែរឬយ៉ាងណា។ កំលុងកិច្ចប្រជុំកំពូល APEC ដែលថៃធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា គឺលោក ពូទីន ត្រូវបានតំណាងដោយ ឧបនាយករដ្ឋមន្រ្តីទីមួយរុស្ស៉ី លោក អាន់ដ្រេ បេលូសូវ (Andrei Belousov)។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ បានធ្លាក់ចុះដាបដល់កម្រិតអាក្រក់ជាទីបំផុត ក្នុងរយៈពេល៦០ឆ្នាំមកនេះ ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ៕