(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានប្រហារជីវិត​បុរសម្នាក់ទៀតជាសាធារណៈ បន្ទាប់ពីជននោះត្រូវបានផ្តន្ទាទោសពី បទសម្លាប់សមាជិក២នាក់ នៃកងកម្លាំងសន្តិសុខអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ មីហ្សាន (Mizan) បានរាយការណ៍យ៉ាងដូច្នេះថា «ជនឈ្មោះ ម៉ាជីដ រេហ្សា រ៉ាណាវ៉ាដ (Majid Reza Rahnavard) ត្រូវបានប្រហារជីវិតតាមរយៈការព្យួរកជាសាធារណៈ នៅទីក្រុងម៉ាស្សាដ (Mashahd) កាលពីព្រឹកនេះ។ ជននេះត្រូវបានផ្តន្ទាទោសប្រហារជីវិត ដោយសារបង្កសង្រ្គាមប្រឆាំងព្រះជាម្ចាស់ បន្ទាប់ពីចាក់សម្លាប់កងកម្លាំងសន្តិសុខ២នាក់»

វាគឺជាការប្រហារជីវិតលើកទី២ហើយ ដែលជាប់ពាក់ព័ន្ធទៅនឹងចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបាននិងកំពុងបន្តអូសបន្លាយ​រយៈពេលប៉ុន្មានខែមកនេះ។ ការប្រហារជីវិតដោយព្យួរកទៅលើបុរសម្នាក់ទៀត ឈ្មោះ ម៉ូសេន ស៉ីការី (Mohsen Shekari) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទបង្ករបួសស្នាមដោយកាំបិត ចំពោះឆ្មាំសន្តិសុខម្នាក់ និងពីបទបិទផ្លូវមួយន្លែងនៅរដ្ឋធានី​តេហេរ៉ង់ គឺបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។

គួរបញ្ជាក់ថា យោងតាមអង្គការលើកលែងទោសអន្តរជាតិ អាជ្ញាធរអ៉ីរ៉ង់កំពុងព្យាយាមកាត់ទោសប្រហារជីវិត មនុស្សយ៉ាងហោច ២១នាក់ នៅក្នុងអ្វីដែលខ្លួនហៅថាជា «ការជំនុំជម្រះក្តីក្លែងក្លាយ» ដែលរចនាឡើងដើម្បីសម្លុតគំរាមប្រជាជន ដែលចូលរួមនៅក្នុង​សកម្មភាពបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ការតវ៉ានៅទូទាំងប្រទេសនេះ បានផ្ទុះឡើងក្រោយការស្លាប់របស់នារីម្នាក់ មានអាយុ២២ឆ្នាំ កាលពីថ្ងៃទី១៦ ខែកញ្ញា៕