(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ យានអវកាស អូរីអន (Orion) របស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) បានត្រឡប់មកដល់ផែនដីវិញហើយ បន្ទាប់ពីវាបានបំពេញបេសកកម្មសាកល្បងមួយ ដោយពុំមានផ្ទុកមនុស្សទៅហោះជុំវិញ​ឋានព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

យាន Orion បានទម្លាក់ខ្លួនចុះមកដល់លើ ផ្ទៃទឹកនៅមហាសមុទ្រប៉ាស៉ីហ្វិក ក្បែរឧបទ្វីបបាចាកាលីហ្វ័រញ៉ា (Baja California) នៃប្រទេសម៉ិកស៉ិកកាលពីវេលាម៉ោង៩៖៤០នាទីព្រឹក (ពេលវេលាក្នុងតំបន់)។ ការមកដល់នេះបិទបញ្ចប់បេសកកម្មរយៈពេល ២៥ថ្ងៃរបស់វា ក្នុងការធ្វើដំណើរឆ្ពោះទៅនិងត្រឡប់មកពីឋានព្រះចន្ទវិញ។ កំលុងពេលនោះ យាន Orion បានទៅដល់ចំណុចឆ្ងាយពីផែនដីបំផុតគឺជិត ៤៣៤,៥០០គីឡូម៉ែត្រ ហើយក៏បានហោះទៅកៀកផ្ទៃព្រះចន្ទបំផុត គឺត្រឹមគម្លាត១២៧គីឡូម៉ែត្រផងដែរ។

NASA បានកំណត់ការចុះត្រឡប់មកកាន់ផែនដីវិញ ជាដំណាក់កាលសំខាន់ជាទីបំផុត នៃបេសកកម្មសាកល្បងរបស់យាន Orion ព្រោះវាធ្វើតេស្តទៅលើភាពរឹងមាំនៃខែលការពារកម្តៅ ដើម្បីផ្ទៀងផ្ទាត់មើលថា តើខែលការពារកម្តៅ ដែលត្រូវបានរចនាថ្មីនោះ អាចអត់ធន់ជាមួយកម្លាំងកកិតក្នុងស្រទាប់បរិយាកាស ហើយការពារក្រុមអវកាសយានិក ដែលធ្វើដំណើរនៅលើយាន Orion ដោយសុវត្ថិភាពដែរឬទេ។

NASA នឹងប្រើប្រាស់ទិន្នន័យបានមកពីបេសកកម្មខាងលើ ដែលហៅថា Artemis-1 ដើម្បីត្រៀមសម្រាប់បេសកម្មបន្ទាប់គឺ Artemis-2 ដែលជាការបញ្ជូនក្រុមអវកាសយានិក ឱ្យជិះក្នុងយាន Orion ដើម្បីធ្វើដំណើរហោះជុំវិញឋានព្រះចន្ទ ប៉ុន្តែនឹងមិនទាន់មានការ​ចុះចតទេ។ សម្រាប់ការចុះចតគឺនឹងកើតឡើង កំលុងបេសកកម្មបន្ទាប់មួយទៀតហៅថា Artemis-3។ បេសកកម្ម Artemis-2 អាចនឹងប្រព្រឹត្តទៅ ក្នុងអំលុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខណៈ Artemis-3 អាចនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៥ ឬយូរជាងនេះ។

គួរបញ្ជាក់ថា ធ្លាប់មានអវកាសយានិកតែ១២នាក់ប៉ុណ្ណោះ ហើយសុទ្ធតែជាបុរសទាំងអស់ ដែលបានដើរលើផ្ទៃព្រះចន្ទ។ ពួកគេទាំងនោះ បានទៅដល់ឋានព្រះចន្ទ អំលុងបេសកកម្មអាប៉ូឡូសរុបចំនួន៦ របស់ NASA កាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕