(ប៉េកាំង)៖ ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការ ប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ។

កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំលើកដំបូងរវាង អ្នកដឹកនាំចិននិងរដ្ឋសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការ រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ។ នេះគឺជាលទ្ធផលជាផ្លែផ្កាដែលមាននិមិត្តសញ្ញាបំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ដែលបានត្រួសត្រាយដំណាក់កាលថ្មីនៃកិច្ចសហប្រតិបតិ្តការ រវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ។

បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ សេដ្ឋកិច្ចសកលមានភាពថមថយចុះកាន់តែលេចធ្លោ ជាពិសេស សន្តិសុខខាងស្បៀងអាហារ និងថាមពលបានរំខានដល់ពិភពលោកទាំងមូល។ ដូច្នេះ ភាគីទាំងបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង ចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ដើម្បីនាំមកនូវឱកាសថ្មី ដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ។

តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងធ្វើជាដៃគូយុទ្ធសាស្ត្របែបណា? ទាក់ទិននឹងរឿងនេះ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺធ្វើជាដៃគូរួមគ្នាជំរុញសាមគ្គីភាព រួមគ្នាស្វែងរកការអភិវឌ្ឍ រួមគ្នាគាំពារសន្តិសុខ និងរួមគ្នាផ្សព្វផ្សាយអរិយធម៌។ គំនិតផ្តួចផ្តើម៤ចំណុចនេះ បានផ្តោតសំខាន់លើទំនុកចិត្តគ្នាខាងនយោបាយផង ហើយក៏ផ្តោតសំខាន់លើប្រធានបទ ស្តីពីការអភិវឌ្ឍនិងសន្តិសុខផងដែរ ដោយឈរលើមុំរួមចំណែកដល់វឌ្ឍនភាព និងអរិយធម៌របស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ។

ជាបន្តទៀត តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រនឹងជំរុញ កិច្ចសហប្រតិបតិ្តការជាក់ស្តែងតាមរបៀបយ៉ាងណា? ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រ ធ្វើកិច្ចខិតខំប្រឹងប្រែងលើវិស័យដូចតទៅ៖ បង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបតិ្តការថាមពល ជំរុញការវិវឌ្ឍរីកចម្រើនថ្មីនៃកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនិងវិនិយោគ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រេចបាននូវការវាយទម្លុះថ្មីលើ កិច្ចសហប្រតិបតិ្តការអវកាស និងបង្កើតចំណុចលេចធ្លោថ្មី នៃកិច្ចសហប្រតិបតិ្តការលើវិស័យភាសានិងវប្បធម៌។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងបន្តនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិរាវពីប្រទេសអារ៉ាប់ឈូងសមុទ្រជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា នឹងបង្កើតនកិច្ចសហប្រតិបតិ្តការលើវិស័យ បច្ចេកទេសថាមពលស្អាតនិងកាបូនទាប ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យធំនិង cloud computing បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេស៥Gនិង៦G ជាដើម ប្រការនេះមិនត្រឹមតែបានគ្រោងទិសដៅ នៃកិច្ចសហប្រតិបតិ្តការថាមពលក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់កិច្ចសហប្រតិបតិ្តការ ផ្នែកបច្ចេកទេសខ្ពស់រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រឡើងដល់កម្រិតថ្មី ព្រមទាំងបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ច និងសង្គមរបស់ភាគីទាំងពីរផងដែរ។

សុភាសិតអារ៉ាប់មួយបានលើកឡើងថា «ដើរដោយខ្លួនឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ» រីឯប្រជាជនចិនក៏តែងតែនិយាយថា «មានមិត្តភក្តិច្រើននឹងដើរតាមផ្លូវកាន់តែរលូន»។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវតិ្តសាស្ត្រ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ពិតជានឹងមានភាពរស់រវើកកាន់តែខ្លាំងជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន