(កៀវ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៩១ហើយ គិតត្រឹមថ្ងៃច័ន្ទទី១២ធ្នូ ឆ្នាំ២០២២។ សេចក្តីរាយការណ៍បានបង្ហាញថារុស្ស៊ីដែលគេជឿថាកំពុងខ្វះអាវុធសំខាន់ៗដើម្បី វាយប្រហារដាក់លើអ៊ុយក្រែនដែលមានអាវុធមិនខ្វះដោយសារតែការជួយពីសហរដ្ឋអាមេរិក និងអង្គការណាតូនោះ បានអះអាងការផលិតអាវុធថ្មីដោយមានកិច្ចសហការពីប្រទេសអ៊ីរ៉ង់ ថែមទៀត។ សហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភភាព បន្តឆេះសន្ធោរសន្ធៅនៃសង្គ្រាមក្នុងអ៊ុយក្រែនខណៈដែលរុស្ស៊ីកំពុងធ្វើកិច្ចសហការបង្កើត អាវុធសំខាន់ៗដើម្បីការទប់ទល់ក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ។

អ៊ុយក្រែនបានថ្លែងថាអាកាសធាតុត្រជាក់ បានធ្វើឱ្យអាវុធដ្រូនអត្តឃាតរបស់អ៊ីរ៉ង់មិនអាចប្រើប្រាស់ការវាយប្រហារបានឡើយក្នុងរដូវរងារធ្លាក់ព្រិលនិងទឹកកក។ ការអះអាងនេះបានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញអ៊ីរ៉ង់និងរុស្ស៊ីកំពុងសហការគ្នាផលិតរួមគ្នានូវដ្រូនសម្លាប់មនុស្ស និងការអះអាងរបស់អ៊ុយក្រែននេះទៀតបានធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvidev បាននិយាយបញ្ជាក់ថារុស្ស៊ីកំពុងតែផលិតអាវុធជំនាន់ថ្មី ដើម្បីការទប់ទល់វាយប្រហាររបស់សត្រូវ។

លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យទី១១ធ្នូថា រុស្ស៊ីកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មីនោះ ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប, សហរដ្ឋអាមេរិក និងអូស្ត្រាលី។ លោក Dmitry Medvedev បានបញ្ជាក់ក្នុងសម្តីរបស់លោកតាមប្រព័ន្ធ App តេឡេក្រាមថា «យើងកំពុងបង្កើនការផលិតនូវមធ្យោបាយកម្ទេចដ៏មានឥទ្ធិពលខ្លាំងក្លាជាងគេបំផុត ដោយរួមមានទាំងមធ្យោបាយទាំងឡាយ ដែលផ្អែកលើគោលការណ៍ថ្មី»។ លោក Medvedev ទោះជាយ៉ាងណាក៏ដោយមិនបានផ្តល់ព័ត៌មាន លម្អិត ជុំវិញការផលិតអំពីអាវុធថ្មីនោះឡើយ។ លោក Medvedev បានចាត់ទុកផ្នែកនៃទឹកដីអ៊ុយក្រែនគឺជាអតីតទឹកដីរបស់រុស្សីពីអតីតកាល។ លោកបាននិយាយបន្តថា "សត្រូវរបស់យើងមិនត្រឹមតែលេបយកខេត្តគៀវ នៃទឹកដីដ៏តូច របស់រុស្ស៊ីម៉ាឡូរ៉ូស៊ីយ៉ា Malorossiya ប៉ុណ្ណោះទេ" ។

*សង្គ្រាមកាន់តែវិវត្តន៍ទៅរកភាពអាក្រក់ធ្ងន់ធ្ងរ ខណៈមានការបារម្ភថារុស្សីនឹងជួយអ៉ីរ៉ង់លើសមត្ថភាពយោធាកាន់តែខ្លាំង

សហរដ្ឋអាមេរិកបាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់បានឡើងកំដៅពេញលេញក្លាយជាដៃគូការពារជាតិ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថា ប្រទេសរុស្ស៊ីកំពុងផ្តល់កម្រិតមួយនៃការគាំទ្រផ្នែកយោធាចំពោះអ៊ីរ៉ង់ដែលមិនធ្លាប់មានពីមុនមក។ លោក John Kirby បានបន្ថែមថា សហរដ្ឋអាមេរិកបានឃើញរបាយការណ៍ដែលបញ្ជាក់ថាប្រទេសទាំងពីរកំពុងពិចារណាលើការផលិតរួមគ្នានៃយន្តហោះដ្រូនសម្លាប់មនុស្ស។ ការបង្ហាញកិច្ចសហការគ្នារវាងរុស្ស៊ីនិងអ៊ីរ៉ង់លើការផលិតដ្រូនរួមគ្នានេះ បានកើតឡើង បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្គត់ផ្គង់ដ្រូនអត្តឃាត "kamikaze" ដែលប្រើប្រាស់ក្នុងការវាយប្រហារសម្លាប់មនុស្សលើកដំបូងកាលពីថ្ងៃទី17 ខែតុលា ឆ្នាំ២០២២ ប៉ុន្តែ ពេលនោះរដ្ឋាភិបាលក្រុងតេហេរ៉ង់បានបដិសេធ។ ប៉ុន្តែក្រោយក្រោយមក អ៊ីរ៉ង់បានទទួលស្គាល់ថា គេពិតជាបានបញ្ជូនយន្តហោះដ្រូនមួយចំនួនទៅរុស្ស៊ី ប៉ុន្តែការបញ្ជូននោះបានធ្វើនៅមុនពេលដែលមានសង្គ្រាមលុកលុយថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២២ បានកើតឡើង។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការដោះសាររបស់មន្ត្រី អ៊ីរ៉ង់នោះ គឺជាការកុហក។ លោក ហ្សេឡិនស្គី បាននិយាយទៀតថាដ្រូនផលិតដោយអ៊ីរ៉ង់ជាច្រើនទៀត ត្រូវបានរុស្ស៊ីប្រើប្រាស់ក្នុងសមរភូមិភាគខាងត្បូងប្រទេស ជាពិសេសកាលពីថ្ងៃ សៅរ៍សប្តាហ៍កន្លងមកនេះ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា គេថែមទាំងបានបាញ់ទម្លាក់ដ្រូនចំនួន ១០គ្រឿង ក្នុងចំណោម ១៥គ្រឿងដែលត្រូវបានគេប្រើដើម្បីវាយប្រហារតំបន់ភាគខាងត្បូងកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ។ លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃសៅរ៍ទៀតថា ការវាយប្រហារនោះបានធ្វើឱ្យមនុស្សជាង ១លាន៥សែននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុង Odesa។ លោកហ្សេឡិនស្គីបានបន្ថែមទៀតថា គេអាចត្រូវការពេលជាច្រើនថ្ងៃដើម្បីឱ្យប្រព័ន្ធថាមពលអគ្គិសនីអាចត្រូវស្តារដំណើរការឡើងវិញ។

មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Kirby បាននិយាយថា ភាពជាដៃគូរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផលិតយន្តហោះដ្រូនរួមគ្នានោះ នឹងបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែនដល់ប្រទេសជិត ខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិផងដែរ។

លោកបាននិយាយទៀតថា "រុស្ស៊ីកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ក្នុងវិស័យជា ច្រើនដូចជាការអភិវឌ្ឍអាវុធ និងការបណ្តុះបណ្តាល" ។ លោកបានថ្លែងបន្តថាសហរដ្ឋអាមេរិកបារម្ភថារុស្ស៊ីមានបំណង "ផ្តល់ឱ្យអ៊ីរ៉ង់វិញនូវសមាសធាតុគ្រឿងផ្សំយោធានៃបច្ចេកវិទ្យាដ៏ ជឿនលឿន» រួមទាំងឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាសជាដើម។ លោក បាន បញ្ជាក់ថា៖ «អ៊ីរ៉ង់ ពេលនេះបាន ក្លាយជាអ្នកគាំទ្រយោធាកំពូលរបស់រុស្ស៊ីហើយ»។ លោកបន្តថា "រុស្ស៊ីបាននឹងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់រស់ នៅដោយគ្មានប្រភពថាមពល, គ្មានកំដៅ និងគ្មានការបំរើសេវាកម្មសំខាន់ៗ។ មន្ត្រីអាមេរិក និយាយថា ប្រជាជនអ៊ុយក្រែនសព្វថ្ងៃនេះនឹងអាចស្លាប់បាន ដោយសារតែលទ្ធផលនៃ សកម្មភាពរបស់អ៊ីរ៉ង់"

នៅជាមួយនឹងការការអត្ថាធិប្បាយរបស់មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិកនេះ, រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បាននិយាយបន្ទរថា អ៊ីរ៉ង់ពេលនេះបានក្លាយជាអ្នក គាំទ្រយោធាដ៏សំខាន់មួយរបស់រុស្ស៊ីទៅហើយ និង បន្ថែមថាទំនាក់ទំនងរវាងរុស្ស៊ីអ៊ីរ៉ង់ កំពុង គំរាមកំហែងដល់សន្តិសុខពិភពលោក។ លោកបានបញ្ជាក់ថាតាមពិតអ្វីដែលគេចង់បាននោះ គឺការចរចារកសន្តិភាព ប៉ុន្តែការចរចានោះ ត្រូវតែក្លាយជាការចរចាដែលសុទ្ធចិត្តគ្មានការក្លែងបន្លំឡើយ។ លោក James Cleverly បាននិយាយថាភាពអត់ធ្មត់ត្រូវតែមានពិតប្រាកដ ត្រូវមានលក្ខណៈត្រឹមត្រូវ ដែលមិនមែនគ្រាន់តែដើម្បីឱ្យរុស្ស៊ីគ្រាន់តែអាចប្រមូលផ្តុំកម្លាំងរបស់គេសាជាថ្មីនិង ការបន្តជ្រើសរើសទាហានថ្មីយកពីពួកទាហានស៊ីឈ្នួល Wagner ឬពីតាមពន្ធនាគារ ដើម្បីបន្តការឈ្លានពាននោះទៀតបានឡើយ។ លោកបានថ្លែងបន្តថាតាមពិតគេចង់ឃើញនូវសន្តិ ភាពតាមរយៈការចរចា ប៉ុន្តែគេចាំបាច់ត្រូវធ្វើឱ្យការចរចានោះមានអត្ថន័យរបស់វា និងចុងបំផុតខ្លឹមសារនៃការចរចាសន្តិភាពនោះដែលត្រូវតែបំរើឆ្លើយតបនឹងការនាំមកនូវសន្តិភាពដែល ជាអ្វីនៃការសម្រេចចិត្តរបស់ប្រជាជននៃប្រទេសអ៊ុយក្រែននិងប្រធានាធិបតីអ៊ុយក្រែន។

*មេដឹកនាំរុស្ស៉ីបញ្ជាក់ពីការអភិវឌ្ឍន៍អាវុធជំនាន់ថ្មី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងការផលិតអាវុធប្រភេទថ្មីនេះផងទៀត បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុងអភិវឌ្ឍអាវុធប្រភេទថ្មី រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ដែលលោកពូទីនបានអួតអាងថាអាវុធទាំងនោះមានសមត្ថភាព អាចគេចផុតពីប្រព័ន្ធការពារមីស៊ីលដែលកំពុងមានស្រាប់ទាំងអស់ក្នុងបច្ចុប្បន្ននេះ។ រុស្ស៊ីបានលើកទ័ពចូលលុកលុយក្នុងអ៊ុយក្រែនមានរយៈពេល២៩១ថ្ងៃហើយគិតត្រឹមថ្ងៃច័ន្ទទី ១២ធ្នូឆ្នាំ២០២២។ ប៉ុន្តែក្នុងពេលអ៊ុយក្រែនដែលបង្ហាញសមត្ថភាពទប់ទល់និងថែមទាំងបាន វាយលុកដណ្តើមយកទឹកដីខ្លះមកវិញដោយសារតែទទួលបានជំនួយទាំងសេដ្ឋកិច្ចនិងយោធាដែលរួមទាំងអាវុធទំនើបៗជាច្រើនពីប្រទេសលោកខាងលិចនិងពីសហរដ្ឋអាមេរិកនោះ មានការព្រួយបារម្ភខ្លាចក្រែងរុស្ស៊ីអាចប្រើអាវុធទំនើបប្រល័យលោករបស់ខ្លួនមកប្រើប្រាស់ដើម្បីរកជោគជ័យលើសមរភូមិ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ពូទីន បាននិយាយថា រុស្ស៊ីអាចធ្វើវិសោធនកម្មទ្រឹស្តីគោលការណ៍យោធារបស់ខ្លួនដោយដាក់ចេញនូវលទ្ធភាពនៃការ វាយប្រហារដ៏លឿនបំផុតដើម្បីការដកអាវុធសត្រូវ ក្នុងភាពសំអាងជាក់ស្តែងនៃការ វាយប្រ ហារដោយអាវុធនុយក្លេអ៊ែរ។ លោក ពូទីន តែងតែ អះអាង ថាប្រព័ន្ធអាវុធលឿនជាងសម្លេង និងមីស៊ីលគ្រូសរបស់រុស្ស៊ីគឺជា អាវុធទំនើបជាងគេនិងមានប្រសិទ្ធភាពជាងអាវុធរបស់សហរដ្ឋអាមេរិកនោះថែមទៀត។

សេចក្តីរាយការណ៍ពីសមរភូមិបានបង្ហាញថាការវាយប្រហារស៊ីសាច់ហុតឈាមគ្នាបានបន្តនៅ ក្នុងក្រុង Melitopol ដែលរុស្ស៊ីបានកាន់កាប់។ ទាហានអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបាន វាយប្រហារដាក់លើបន្ទាយទាហានរុស្ស៊ីដោយបានបាញ់អាវុធ HIMARS បង្កឱ្យមានការស្លាប់ និងរងរបួសជាច្រើន។ នៅជាមួយគ្នានោះផងដែរ ក្នុងតំបន់ Sevastopol និងSimferopol ដែលស្ថិតក្នុងដែនដីតំបន់គ្រីមៀរដែលរុស្ស៊ីបានគ្រប់គ្រងនោះ ក៏គេបានឮសូរសម្លេងផ្ទុះកើតឡើងជាច្រើនផងទៀត។ ពេលនេះសង្គ្រាមបានឈានចូលដល់ខែទី១០ហើយ។ ទ្រឹស្តីរកសន្តិភាពរបស់រុស្ស៊ីត្រូវគេ ឃើញថាគឺការចង់ឱ្យប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលតុចរចា, ប៉ុន្តែទ្រឹស្តីរបស់សន្តិភាពរបស់ប្រទេស របស់លោកខាងលិចវិញ គឺការបន្សាបឥទ្ធិពលរុស្ស៊ី តាម រយៈការផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីការពារខ្លួនផង, ការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចផង, ដាក់ទណ្ឌកម្មប្រទេសដែលពាក់ព័ន្ធ ណាដែលហ៊ានជួយរុស្ស៊ីផង ដើម្បីឱ្យរុស្ស៊ីឯកោ និងបង្ខំរដ្ឋាភិបាលវិមានក្រឹមឡាំងចូលតុចរចា ជាមួយអ៊ុយក្រែន ប៉ុន្តែទ្រឹស្តីនៃការរកសន្តិភាពទាំង២ដែលមានចរឹតផ្សេងពីគ្នានោះ បែរជាធ្វើ ឱ្យសង្គ្រាមកាន់តែឆាបឆួលកាន់តែខ្លាំងឡើងគួរឱ្យព្រួយបារម្ភនៃហាយនភាពរាលដាលដល់ សកលលោក៕