(ប៉េកាំង)៖ «កិច្ចប្រជុំកំពូលលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិននិងអារ៉ាប់ ហើយប្រាកដជានឹងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងអារ៉ាប់ ឱ្យឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ!»

ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលចិន និងអារ៉ាប់លើកដំបូងដែលបានធ្វើឡើងនៅ ទីក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត ដោយកត់សម្គាល់ថាត្រូវបន្ត និងផ្សព្វផ្សាយស្មារតីមេត្រីភាពនៃប្រទេសចិននិងអារ៉ាប ដែលជួយយកអាសាគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមបញ្ចូលគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ឱ្យកាន់តែជិតស្និទ្ធ ហើយលើកឡើងនូវ «សកម្មភាពរួមចំនួន៨» ស្តីពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអារ៉ាប់។ ភាគីទាំង២បានចេញផ្សាយឯកសារជាផ្លែផ្កាមួយចំនួន ដូចជា «សេចក្តីប្រកាសរីយ៉ាតស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង» ជាដើម ហើយឯកភាពគ្នាថា នឹងធ្វើការខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍រួម វាសនាចិននិងអារ៉ាប់ដែលឆ្ពោះទៅរកយុគសម័យថ្មី។
កិច្ចប្រជុំកំពូលលើកនេះ គឺជាកិច្ចប្រជុំកំពូលលើកដំបូងរបស់ថ្នាក់ដឹកនាំចិន ដែលធ្វើឡើងជាសមូហភាពជាមួយ បណ្តាប្រទេសអារ៉ាប់ បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំកំពូលបានសម្រេចចិត្តថា នឹងលើកកម្ពស់ទំនាក់ទំនងរវាងចិន និងអារ៉ាប់ឱ្យឡើងដល់កម្រិតថ្មីថែមទៀត នេះគឺជាការបន្តវេននិងផ្សព្វផ្សាយ ចំណងមិត្តភាពប្រពៃណី ហើយក៏ជាការត្រួតត្រាយសម្លឹងមើលទៅកាន់អនាគតផងដែរ។

តើធ្វើដូចម្តេចដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប់ ដែលឆ្ពោះទៅកាន់យុគសម័យថ្មី? នៅក្នុងកិច្ចប្រជុំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន៤ គឺ «យើងត្រូវតែប្រកាន់ខ្ជាប់នូវឯករាជ្យម្ចាស់ការ និងគាំពារផលប្រយោជន៍រួម» «យើងត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ» «យើងត្រូវគាំពារសន្តិភាពក្នុងតំបន់ និងសម្រេចបាននូវសន្តិសុខរួម» «យើងត្រូវពង្រឹងការផ្លាស់ប្តូរខាងអរិយធម៌ និងបង្កើនការយល់ដឹងនិងការជឿទុកចិត្ត»
សន្តិភាពនិងសន្តិសុខជាការយកចិត្តទុកដាក់ដ៏លេចធ្លោរបស់ប្រទេសអារ៉ាប់។ ក្នុងនាមជាមិត្តដ៏ស្មោះត្រង់ ប្រទេសចិនតែងតែដើរតួនាទីស្ថាបនា ដើម្បីសន្តិភាពមជ្ឈិមបូព៌ាជាប់ជានិច្ច មិនដែលស្វែងរកផលប្រយោជន៍ភូមិសាស្រ្ត នយោបាយណាមួយឡើយ ហើយក៏គ្មានចេតនាបំពេញនូវអ្វីដែលគេហៅថា «កន្លែងទំនេរនៃសិទ្ធិ» នោះដែរ។

នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ក្នុងរយៈពេលពី៣ដល់៥ឆ្នាំនាពេលអនាគត ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីជំរុញ «សកម្មភាពរួមចំនួន៨»។ បើមើលពីបញ្ជីនៃកិច្ចសហប្រតិបត្តិការជាក់លាក់ វាបានពាក់ព័ន្ធនឹងវិស័យចំនួន៨ ដែលបូករួមទាំងការគាំទ្រអភិវឌ្ឍន៍ សន្តិសុខស្បៀងអាហារ សុខាភិបាល ការច្នៃប្រឌិតបៃតង សន្តិសុខថាមពល កិច្ចសន្ទនាស្តីពីអរិយធម៌ ការក្លាយជាធនធានមនុស្សរបស់យុវជន និងសន្តិសុខនិងស្ថិរភាពជាដើម។ នេះបានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ភាគីចិន ដែលរីករាយរួមអភិវឌ្ឍជាមួយបណ្តាប្រទេសអារ៉ាប់។

ប្រទេសចិនត្រូវការប្រទេសអារ៉ាប់ ហើយប្រទេសអារ៉ាប់ក៏ត្រូវការប្រទេសចិនផងដែរ។ ការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងអារ៉ាប់ ឱ្យឡើងដល់កម្រិតថ្មី នឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង ដល់ប្រជាជននៃភាគីទាំង២និងរួមចំណែកកាន់តែធំ ដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោក៕