(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម អំពីការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីត ទទួលបានការអភិវឌ្ឍកាន់តែធំ។ និពន្ធនាយកនៃ «កាសែតរីយ៉ាត» របស់អារ៉ាប៊ីសាអ៊ូឌីតបានចុះផ្សាយបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងជំរុញឱ្យ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីតឡើងដល់កម្រិតថ្មីថែមទៀត ដើម្បីត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីតនិងចិន។

បច្ចុប្បន្ននេះ ស្ថានភាពប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេល ១សតវត្សរ៍កន្លងមកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងស្តារឡើងវិញ។ ប្រទេសប៉ែកខាងលិចមួយចំនួនអនុវត្តឯកតោភាគីនិយម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដែលបានធ្វើឱ្យស្ថានការណ៍ភូមិសាស្ត្រនយោបាយ មានភាពកាន់តែតានតឹង។ ក្នុងស្ថានការណ៍ថ្មីនេះ ភាគីទាំងពីរធ្វើឱ្យទំនុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ អភិវឌ្ឍន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការគាំពារ សន្តិភាពនិងស្ថិរភាពនៃពិភពលោកផងដែរ។

«ផលប្រយោជន៍របស់ភាគីចិនក៏ជាផលប្រយោជន៍របស់ភាគីអារ៉ាប៊ីសាអ៊ូឌីតដែរ»។ ការសម្តែងអាកប្បកិរិយារបស់ព្រះបាទ Salman ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបែបនេះ បានទាក់ទាញការយកចិត្តទុកដាក់របស់ប្រព័ន្ធសារព័ត៌មានជាច្រើន។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរចិននិងអារ៉ាប៊ីសាអ៊ូឌីតសុទ្ធតែ បានបង្ហាញពីការគាំទ្រខាងនយោបាយយ៉ាងមុតមាំ ចំពោះគ្នាទៅវិញទៅមក។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះ អារ៉ាប៊ីសាអ៊ូឌីតក្នុងការបន្តដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។

ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះភាគីចិនដោយប្រើ «ការគាំទ្រយ៉ាងមុតមាំ» ចំនួនបីនិង «ការប្រឆាំងជាដាច់ខាត» ចំនួនមួយ។ ក្នុងបរិបទដែលស្ថានការណ៍ ក្នុងតំបន់និងអន្តរជាតិ មានភាពបម្រែបម្រួលយ៉ាងខ្លាំងនិងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន ចិននិងអារ៉ាប៊ីសាអ៊ូឌីតបានគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ដើម្បីផ្តល់ការការពារនិងធានាដល់ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងយុគសម័យថ្មី។

ចំណងមិត្តភាពរវាងចិន និងអារ៉ាប៊ីសាអ៊ូឌីតមានភាពកាន់តែស៊ីជម្រៅ ក៏ត្រូវការកម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែរ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បានរីករាលដាល នៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ២០២១ នៅតែកើនឡើង៣០ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានបង្ហាញយ៉ាងពេញលេញនូវភាពធន់ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។

ពេលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជា នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីចិនគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដ៏សំខាន់មួយចំនួន ដូចជា «ទស្សនទានឆ្នាំ២០៣០» និង «មជ្ឈិមបូព៌ាបៃតង» ជាដើមរបស់ភាគីអារ៉ាប៊ីសាអ៊ូឌីត ហើយគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែអនុវត្តឱ្យបានល្អនូវការតភ្ជាប់គ្នា រវាងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និង «ទស្សនទានឆ្នាំ២០៣០» របស់អារ៉ាប៊ីសាអ៊ូឌីត។ នេះបានចង្អុលបង្ហាញនូវទិសដៅសម្រាប់បង្កើន កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិននិងអារ៉ាប៊ីសាអ៊ូឌីត។

យើងមានហេតុផលជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុង ជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីត ដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ នឹងនាំមកនូវក្តីសង្ឃឹមកាន់តែល្អបវរដល់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាព និងស្ថិរភាពនៃមជ្ឈិមបូព៌ានិងជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន